2024-11-12 09:11
53

ភ្នំពេញ៖ អតីតមន្ត្រីនគរបាលជាតិ ពាក់ផ្កាយ៣ លោក មួង ឃីម និង លោក ដួង តារា អតីតរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានតំណាង តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរជាផ្លូវការពីបទ៖ «ជំនួញឥទ្ធិពលអកម្ម», ឧកញ៉ា អ៊ុត ធី ចោទប្រកាន់ពីបទ៖ «ជំនួញឥទ្ធិពលសកម្ម»។ 

ចំណែកអ្នកឧកញ៉ាអធិការបតីបណ្ឌិត លី សាម៉េត ហៅគ្រូមា ជាប់ចោទពីបទ៖ «សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម»។ 

នេះបើតាមការបញ្ជាក់របស់ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់បណ្តាញសារព័ត៌មាន នាព្រលប់ថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា៖ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរលើជនសង្ស័យរួមមាន៖ ឈ្មោះ អ៊ុត ធី ភេទប្រុស ពីបទ៖ «ជំនួញឥទ្ធិពលសកម្ម»  តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

លោកបានបន្ថែមទៀតថា៖ ជនសង្ស័យមានឈ្មោះ មួង ឃីម ភេទប្រុស និង ឈ្មោះ ដួង តារា ភេទប្រុស ពីបទ៖ «ជំនួញឥទ្ធិពលអកម្ម»  តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ដោយឡែក ឈ្មោះ លី សាម៉េត ភេទប្រុស ពីបទ៖ «សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម» តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

សូមជម្រាបថា សំណុំរឿងដ៏ក្តៅគគុកមួយនេះ បានធ្វើឱ្យមហាជនកំពុងតាមដានយ៉ាងខ្លាំង ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន លោក ដួង តារា អតីតរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបន្ទប់ពីវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសចិនវិញ ដើម្បីសាកសួរពាក់ព័ន្ធសំណុំរឿងឆបោក។ លុះនៅថ្ងៃទី០៧ ខែតុលា ឆ្នាំា២០២៤ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទម្លាយរឿងអាស្រូវរបស់បុគ្គល លី សាម៉េត ហៅគ្រូមា ដែលថ្លើមធំពាសមេឃហ៊ានប្រើឈ្មោះរបស់សម្តេចទៅប្រោកប្រាស់លុយអ្នកដទៃរាប់លានដុល្លារថាយកមកឱ្យសម្តេចទៅវិញ។ 

ក្នុងខ្លឹមសារបង្ហោះរបស់សម្តេចតេជោ នាពេលកន្លងទៅ បានបញ្ជាក់ឱ្យដឹងថា៖ «បុគ្គលឈ្មោះ លី សាម៉េត ហៅគ្រូមា កាលពីឆ្នាំ២០២២ បានបោកលុយរបស់ឈ្មោះ សុខ ឡេង ចំនួន ១០ លានដុល្លារ ប៉ុន្តែក្រោយបែកធ្លាយរឿងរ៉ាវនេះដល់សម្តេចតេជោ សម្តេចបានអន្តរាគមន៍ឱ្យ លី សាម៉េត ប្រគល់លុយឲ្យទៅឈ្មោះ សុខ ឡេង វិញទាំងអស់ ដោយពេលនោះយក លី សាម៉េត ទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ»។ 

ក្នុងសំណេររបស់សម្តេចតេជោ បានបញ្ជាក់ទៀតថា៖ «មុននេះប៉ុន្មានថ្ងៃសម្តេចក៏បានប្រាប់ទៅ លី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន ២៣ម៉ឺនដុល្លារ (បានសងរួច) ស្រាប់តែនៅទី០៧ តុលានេះ សម្តេចទទួលវីដេអូពី លោក កន សុខកាយ អភិបាលស្រុកល្វាឯមថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រទៀត»។

ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងនោះ សម្តេចតេជោ ហ៊ុន សែន សូមស្នើឱ្យលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទី១៖ ធ្វើការជាមួយតុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បត្តិ លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត។ ទី២៖ អ្នកចាញ់បោក លី សាម៉េត ទាំងអស់ដាក់ពាក្យប្តឹង ឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។ 

ទី៣៖ ឱ្យឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបានចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់ និងទី៤៖ ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់ដាច់ខាត់។

បច្ចុប្បន្នបុគ្គលទាំង ០៤នាក់ ដែលសុទ្ធជាមនុស្សធ្លាប់មានឥទ្ធិពលក្នុងសង្គម ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគាររងចាំបំណាក់ការបន្តតាមផ្លូវច្បាប់ ហើយសំណុំរឿងនេះ មិនទាន់បិទបញ្ចប់នៅឡើយទេ គឺនៅមានអ្នកពាក់ព័ន្ធបន្តបន្ទាប់ទៀត មិនអាចគេចខ្លួនរួចពីសំណាញ់ច្បាប់ឡើយ ដូចពាក្យចាស់ពោលថា «ជាប់ដូចសម្លរកំពឹស»៕