2024-11-22 09:45
166

ព្រះសីហនុ៖ ទូកដឹកទំនិញ និងភ្ញៀវទេសចរ ០១គ្រឿង របស់ ក្រុមហ៊ុន «ស្ពីតហ្វឺរឺ» បានជួបឧប្ទវហេតុលិចកណ្តាលផ្ទៃសមុទ្រ បណ្តាលឱ្យអ្នកដំណើរទាំងខ្មែរ និងបរទេសជិត ២០នាក់ ភ័យព្រលឹងចុងសក់ ប៉ុន្តែត្រូវបានក្រុមជួយសង្គ្រោះចេញទៅអន្តរាគន៍ទាន់ពេលវេលា ពុំបណ្តាលឱ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតឡើយ។

ហេតុលិចទូកខាងលើ បានកើតមានឡើងនៅវេលាម៉ោង ១៦និង៣៦នាទី រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ត្រង់ចំណុច ដាវលេខ 10°40.534 N 103°18.353'E ជិតកូនកោះ ស្ថិតនៅក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ 

ចំពោះមូលហេតុ ដែលនាំឱ្យទូកដឹកទំនិញ និងភ្ញៀវទេសចរលិច គឺមកពីទូកបានខូចម៉ូទ័របូមទឹកចេញពីក្នុងទូល បបណ្តាលឲ្យទឹកសមុទ្រចូលកាន់តែច្រើន និងលិចតែម្តង។

ក្រោយកើតមានហេតុការណ៍នេះ កម្លាំងសណ្តាប់ធ្នាប់ក្រុងកោះរ៉ុង ទទួលបានពត៌មាន មានករណីលិចទូកដឹកទំនិញ និងដឹកភ្ញៀវទេសចរ ០១ករណី ដែលជាទូករបស់ ក្រុមហ៊ុន ស្ពីតហ្វឺរឺ មានពណ៌លឿង មានប្រវែង ២៦ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ មានគោលដៅចេញពីផែកោះរ៉ុង ដាយសេនធឺទៅតាមកោះដទៃទៀត បានចេញជួយសង្គ្រោះទាន់ពេលភ្លាមៗ។

តាមរបាយការណ៍បានឱ្យដឹងថា ការខូចខាតសម្ភារៈមួយចំនួនដូចជា៖ ទូកលិកបាត់ទាំងស្រុង, ស៊ីម៉ងត៍ ២តោន, ម៉ូតូ ម៉ាក Scopy ០១ គ្រឿង និងឥវ៉ាន់ចំរុះជាច្រើនទៀត។

ក្នុងទូកដែលលិចនោះ មានមនុស្សរួមដំណើរសរុបចំនួន ១៨នាក់ ស្រី០៦នាក់ (ជនបរទេស ចំនួន ០៩នាក់ ស្រី០៥នាក់ និងជនជាតិខ្មែរ ចំនួន ០៩នាក់ ស្រី០១នាក់) គ្មានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

បច្ចុប្បន្ននេះ មនុស្សដែលជិះនៅលើទូកទាំងអស់ ត្រូវបានជួយសង្គ្រោះមកទីកន្លែងមានសុវត្ថិភាពអស់ហើយ៕