2024-11-22 10:14
213

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងការពេញចិត្ត និងអបអរសាទរ ចំពោះសមិទ្ធផលជាច្រើន ដែលប្រទេស និងពលរដ្ឋទាំងពីរ ទទួលបានពីកិច្ចសហប្រតិបត្តិការអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម។

ក្នុងជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំរដ្ឋសភា នៃប្រទេសទំាងពីរ បានប្តេជ្ញាចិត្តបន្តពូនជ្រំ លើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិបន្តទៀត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តម ត្រិន ថាញ់មិន បានបង្ហាញសុទិដ្ឋិនិយមដូច្នេះនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្នុងឱកាសដែល ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្ដភាព នៅកម្ពុជារយៈពេល៤ថ្ងៃនៅកម្ពុជា។

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ត្រិន ថាញ់មិន ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា។ 

ដំណើរទស្សនកិច្ចនាពេលនេះមិនត្រឹមជាការបន្តរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀតប៉ុណ្ណោះទេ តែដើម្បីចូលរួមនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនមានដូចជា ពិធីសម្ពោធអគាររដ្ឋបាលថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់បក្សរដ្ឋ និងប្រជាជនវៀតណាម ជូនរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះបក្សរដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយឧបត្ថម្ភដ៏មានតម្លៃ សម្រាប់ការសាងសង់អគាររដ្ឋបាលថ្មី ដ៏មានសារៈសំខាន់ជូនរដ្ឋសភាកម្ពុជា។ អគាររដ្ឋបាលនេះ គឺជានិមិត្តរូបមួយនៃចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតល្មួតនៃប្រទេសទាំងពីរផងដែរ។

នាឱកាសនោះ ឯកឧត្តម ត្រិន ថាញ់មិន ប្រធានសភាវៀតណាម បានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជា ពិសេសសម្តេចប្រធានរដ្ឋសភា ដែលបានរៀបចំទទួលស្វាគមន៍ធ្វើបដិសណ្ឋារកិច្ចជូន ឯកឧត្តម និងគណៈប្រតិភូទំាងអស់យ៉ាងកក់ក្តៅជាទីបំផុត។ 

ឯកឧត្តមបានគូសបញ្ជាក់ថា «ប្រទេសវៀតណាម បានផ្តល់អាទិភាពខ្ពស់បំផុតចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី និងជាបងប្អូនរវាង កម្ពុជា-វៀតណាម ដែលមានតំាងពីយូរលង់ណាស់មកហើយ។ ចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងនេះ បានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រទេសនិងប្រជាជនទំាងសងខាង»។

ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានមានប្រសាសន៍ថា៖ «កម្ពុជា ជាប្រទេសទី១ ដែលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការ ក្រោយពីបានចូលកាន់តួនាទីជាប្រធានរដ្ឋសភា»។ 

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម កាលពីឆ្នាំ២០២៣ ដែលជាដំណើរទស្សនកិច្ចលើកទី១ នៅក្រៅប្រទេសដែរ បន្ទាប់ពីសម្តេចបានទទួលភារកិច្ចជាប្រធានរដ្ឋសភា។
 

សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម ត្រិន ថាញ់មិន បានលើកឡើងដូចគ្នាថា៖ «ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី មានសារៈសំខាន់មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនប្រទេសទំាងពីរប៉ុណ្ណោះទេ តែនឹងផ្តល់ផលប្រយោជន៍ជាអន្តរជាតិ នៅក្នុងស្ថានការណ៍តំបន់ និងសកលលោក កំពុងប្រឈមហានិភ័យខ្ពស់ មានការប្រែប្រួលឆាប់រហ័ស ពោរពេញដោយភាពមិនប្រាកដប្រជា មានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ កាន់តែមានសភាពធ្ងន់ធ្ងរ ដូចសព្វថ្ងៃនេះ»។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានគូសបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងពហុវិស័យ ហើយបានរីកចម្រើនលូតលាស់ លើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ រដ្ឋសភា វិស័យឯកជន ពិសេសប្រជាជន និងប្រជាជន»។

សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម ត្រិន ថាញ់មិន បានប្តេជ្ញារួមគ្នានៅក្នុងការលើកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែជិតស្និទ្ធឡើង ដោយយកពលរដ្ឋជាស្នូល។ 

នៅក្នុងនោះនឹងជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច ចែករំលែកបទពិសោធគ្នាទៅវិញទៅមកក្នុងកម្រិតថ្នាក់ដឹកនាំគណៈកម្មការជំនាញ ក្រុមមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិសភាជាស្រ្តី និងកម្រិតអគ្គលេខាធិការដ្ឋានផងដែរ។ 

ប្រធានរដ្ឋសភានៃប្រទេសទំាងពីរបានសន្យាថា នឹងខិតខំជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គម វិនិយោគ សន្តិសុខប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនលូតលាស់បន្ថែមទៀត។

សូមជម្រាបថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ ហើយរំពឹងថានឹងសម្រេចបានលើសពី ១០ ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៤នេះ៕