2024-11-26 13:37
86

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CBS News ចេញផ្សាយ នាថ្ងៃចន្ទទី២៥ ខែវិច្ឆិកា ២០២៤  កាលពីម្សិលមិញនេះ ក្រុមហ៊ុន Starbucks បានបង្ហើបឲ្យដឹងថា ពេលនេះ Starbucks កំពុងតែរងនូវការវាយប្រហារ ពីមេរោគម្យ៉ាងនៃប្រភេទ Ransomware ដែលជាការរំខានក៏ដូចជារារាំងទៅលើប្រព័ន្ធរបស់ខ្លួននៅក្នុងការតាមដានម៉ោងរបស់ Baristas និងការគ្រប់គ្រងប្រាក់ខែទៅលើបុគ្គលិករបស់ពួកគេ។

ការវាយប្រហារពីប្រភេទមេរោគតាមអ៊ីនធឺណេតនេះ បានកើតឡើងកាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ដោយពេលនេះ Starbucks បានជំនួសមកវិញដោយការដោះស្រាយ ឲ្យក្រុមហ៊ុនធ្វើការផលិតនូវកម្មវិធីគ្រប់គ្រងមួយ ដែលអាចឲ្យបុគ្គលិករបស់ខ្លួន អាចមើល និងគ្រប់គ្រងទៅលើកាលវិភាគរបស់ពួកគេ ក៏ដូចជាការជួយសម្រួលឲ្យក្រុមហ៊ុនអាចធ្វើការគណនាពីពេលវេលារបស់បុគ្គលិករបស់ពួកគេនៅកន្លែងការងារផងដែរ ដើម្បីជាការជួយសម្រួលទៅដល់ប្រព័ន្ធនៃការគ្រប់គ្រងកម្មវិធី ដែលកំពុងតែរងនូវការវាយប្រហារពីប្រភេទមេរោគ Ransomware ។

បើយោងទៅតាមក្រុមហ៊ុន Starbucks បានឲ្យដឹងថា Starbucks គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនមួយចំនួន ដែលរងនូវការវាយប្រហារដោយសារតែមេរោគនេះ។

ដោយពេលនេះផងដែរ Starbucks កំពុងតែធ្វើការសហការគ្នាជាមួយនឹងក្រុមហ៊ុន Blue Yonder ដើម្បីធ្វើការដោះស្រាយបញ្ហាដែលខ្លួនកំពុងតែកើតមាននេះ។ 

Starbucks ក៏បានបញ្ជាក់ដែរថា ខ្លួនកំពុងតែចាត់វិធានការ ដើម្បីជាការធានាថាបុគ្គលិករបស់ខ្លួនត្រូវបានផ្ដល់សំណងពេញលេញ សម្រាប់ពេលវេលារបស់ពួកគេដែលបានធ្វើការដោយមិនមាននូវការរំខានអ្វីមួយនោះទេ។

គួរបញ្ជាក់ថា ពេលនេះក្រុមហ៊ុន Blue Yonder កំពុងតែធ្វើការដោះស្រាយនូវបញ្ហាដែលកំពុងតែកើតមានចំពោះក្រុមហ៊ុន Starbucks នេះ ហើយក្រុមហ៊ុន Blue Yonder ក៏មិនបានធ្វើការបង្ហាញថានរណាដែលកំពុងតែនៅពីក្រោយ នៃការបង្កើតគម្រោងនៃប្រភេទមេរោគ Ransomware នេះដែរ។