2024-11-27 16:28
105

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការពិសេស គ្រប់គ្រងគម្រោងសាង សង់ព្រែកជីកហ្វូ ណន តេជោ បានបញ្ជាក់ថា គណៈកម្មការមេគង្គ បានចេញរបាយការណ៍មកថា «គម្រោងព្រែកជីកហ្វូណនតេជោ» គឺគ្មានការប៉ះពាល់បរិស្ថាននៅកម្ពុជា ឬនៅវៀតណាមនោះទេ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបគណៈកម្មការមេគង្គ បានចេញរបាយការណ៍មកយើងថា គម្រោងយើងនេះល្អណាស់ គ្មានប៉ះពាល់បរិស្ថាននៅកម្ពុជា ឬនៅវៀតណាមទេ ដូចអ្វីៗដែលយើង បានផ្តល់ជូន ទៅគណៈកម្មការមេគង្គ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដូចគ្នា»

លើសពីនោះទៀត ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនចិន ដែលជាទីប្រឹក្សារបស់ NDIC បានមកសិក្សាផ្ទាល់ ហើយក៏បានឃើញថា អត់មានប៉ះពាល់បរិស្ថានអ្វីទេ ដូច្នេះបច្ចេកទេសត្រូវគ្នា ១០០ភាគរយ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា រយៈពេល៣ខែនេះ ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ បានធ្វើការពិនិត្យទាំងអស់គ្នា រួមគ្នាឡើងវិញម្ដងទៀត ដើម្បីឲ្យបានលម្អិត ជៀសវាងកុំឲ្យមានការខុសត្រង់កន្លែងណាមួយ ដែលនាំឲ្យប៉ះពាល់បរិស្ថាន។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អត់មាននៅស្ងៀមនោះទេ គឺបានធ្វើការងារលើគម្រោងព្រែកជីកនេះជាប់ជាប្រចាំ និងបានពិនិត្យមើលយ៉ាងល្អិតល្អន់ លើគ្រប់ផ្នែកទាំងអស់នៃគម្រោងនេះ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ថា បច្ចុប្បន្នទឹក ក៏ចាប់ផ្ដើមបានស្រកបន្ដិចៗ ដែលនឹងចាប់ផ្ដើមបោះនិយាមការ ហើយដោះស្រាយផលប៉ះពាល់ មុននឹងធ្វើគម្រោងនេះ ព្រោះថា បើដោះស្រាយផលប៉ះពាល់មិនទាន់បាន ក៏មិនអាចធ្វើគម្រោងនេះដែរ។

សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ដែលជាកំណប់ទ្រព្យដ៏មានគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់ខ្មែរ ត្រូវ បានប្រកាសបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមសម្រែកសាទរយ៉ាង មហស្ចារ្យ នៅ ទូទាំងនគរខ្មែរ។

គម្រោងនេះ ត្រូវបានប្រើប្រាស់ពេលវេលាសិក្សាសរុប ២៦ខែ ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់របាយការណ៍សិក្សាបច្ចេកទេសទាំងស្រុង នាខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ ត្រូវបានចូលរួមអនុវត្តការសិក្សាស្រាវជ្រាវ ដោយក្រុមជំនាញការបច្ចេកទេស នៃក្រសួងសាធារ ណ ការ និងដឹកជញ្ជូន និងក្រុមជំនាញការបច្ចេកទេសជាន់ខ្ពស់ របស់ភាគីចិនសរុបចំនួន ៤៨នាក់។

គម្រោងព្រែកជីកនេះ នឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹក បុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែល មាន ស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨ គីឡូ ម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយ ចម្ងាយ តភ្ជាប់ ទៅកាន់សមុទ្រ៕