2024-11-29 10:28
19

(សៀមរាប)៖ កាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយវិជ្ជាសង្រ្គោះបឋម ក្រោមប្រធានបទ «រៀនវិជ្ជាសង្រ្គោះបឋម ដើម្បីមនុស្សជាទីស្រឡាញ់របស់អ្នក» រយៈពេល០៣ថ្ងៃ ដោចាប់ពីនៅថ្ងៃទី២៨-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅថ្ងៃទី១ ខែធ្នូ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ពិធីនេះក្រោមវត្តមានរបស់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា, លោក សុខ សារឿន ប្រធានផ្នែកវេជ្ជសាស្រ្ត និងប្រឆាំងសារធាតុញៀន អិន អូ ស៊ី កម្ពុជា និងលោកស្រី សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងលោក លោកស្រី និងយុវជនស្ម័គ្រចិត្តជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងពិធីបើក លោកស្រី ពុំ ចន្ទីនី បានលើកឡើងថា គំនិតផ្តួចផ្តើមវគ្គបណ្តុះបណ្តាលនេះ ដើម្បីឆ្លើយតបសង្រ្គោះបឋមក្នុងអំឡុងពេលព្រឹត្តិការអន្តរជាតិ អង្គរវត្តពាក់កណ្តាលម៉ារ៉ាតុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នៅខេត្តសៀមរាប។

លោកស្រី ក្នុងគោលបំណងលើកកម្ពស់សុខភាពសាធារណៈ និងសុវត្ថិភាពការលើកកម្ពស់ជំនាញវិជ្ជាសង្រ្គោះបឋមដោយផ្តោតលើ CPR និង AED ដល់អ្នកចូលរួមម៉ារ៉ាតុង និងការផ្សព្វផ្សាយវិជ្ជាសង្រ្គោះបឋមឲ្យបានទូលំទូលាយ ជាពិសេសបង្កើនការយល់ដឹងអំពីការសង្គ្រោះបឋម ការប្រើប្រាស់ CPR និង AED ដើម្បីបង្កើនការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ក្នុងចំណោមអ្នកចូលរួមរត់ម៉ារ៉ាតុងនិងអ្នកទស្សនា។

លោកស្រីបន្តថា ការបណ្តុះបណ្តាលធនធាននេះ គឺជាការចូលរួមពង្រីកនូវចំណេះដឹងឱ្យបានទូលំទូលាយ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឈានទៅសម្រេចបានស្របតាមយុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា ឆ្នាំ២០២១ - ២០៣០ គ្រួសារមួយមានមនុស្សម្នាក់ ស្ថាប័នសាធារណៈ ឬវិស័យឯកជន យល់ដឹងពីវិជ្ជាសង្រ្គោះបឋម ឆ្ពោះទៅគោលដៅ អភិវឌ្ឍន៍ តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទបរិយាប័ន្នសង្គម រួមគ្នាជាធ្លុងមួយ ដែលជាសកម្មភាពគំរូ ក្នុងការបំរើការងារមនុស្សធម៌ ប្រកបដោយសណ្តានចិត្តល្អប្រពៃ មានក្រមសីលធម៌ខ្ពស់ជូនដល់សង្គមជាតិ ឱ្យមានការរីកចំរើនក្រោមម្លប់នៃសន្តិភាព។

លោក សុខ សារឿន បានលើកឡើងថា ចំណុចសំខាន់ៗដែលលើកឡើងយកមកបង្រៀនដល់សិក្ខាកាម គឺមានចំណុចសំខាន់ទាក់ទងជាមួយនឹងសុខភាពប្រជាជនទូទៅក៏ដូចជាសុខភាពខាងកីឡាករ ចំណុចសំខាន់លើកយកមក គឺបញ្ហាសង្គ្រោះបឋម (ពាក្យសង្គ្រោះបឋម គឺមិនដូចគ្នានឹងពាក្យសង្គ្រោះបន្ទាន់ទេ) ពេលដែលអ្នកជំងឺគាត់មានបញ្ហា ទោះនៅផ្ទះ ឬក៏នៅកន្លែងណាក៏ដោយ ដូច្នេះវាមានរយៈពេលមួយទម្រាំគ្រូពេទ្យទៅដល់ អញ្ចឹងចាប់ពីរយៈពេលដែលអ្នករងគ្រោះមានបញ្ហារហូតទៅដល់គ្រូពេទ្យមកដល់ហ្នឹង គឺជារយៈពេលសំខាន់ណាស់ចំពោះជីវិតរបស់មនុស្ស។

លោកបន្តថា បង្រៀនសិក្ខាកាមនៅថ្ងៃនេះ របៀបព្យាបាលក្នុងពេលសង្រ្គោះបឋម ក្នុងនោះបង្រៀនឲ្យគាត់ចេះពិនិត្យ ព្យាបាល វិធីសង្កត់បេះដូង ធ្វើឲ្យបេះដូងមានចលនាឡើងវិញ និងរបៀបបញ្ចូលខ្យល់ទៅតាមមាត់ដល់អ្នកជំអឺ។ ពីព្រោះនៅពេលដែលអ្នកជំងឺមានបញ្ហា គឺបញ្ហាបេះដូង និងសួតអត់ដំណើរការ។
 

លោកបន្ថែមថា បើបេះដូង និងសួតអត់ដំណើរការ មានន័យថា ចំណីអាហារ និងអុកស៊ីសែន ដែលរត់ទៅតាមឈាមដលខួរក្បាលក៏អត់មានដែរ ហើយខួរក្បាលរបស់មនុស្សឲ្យតែលើសពី៤នាទី អត់មានអុកស៊ីសែនទៅ ខួរក្បាលមនុស្សយើងចាប់ផ្តើមខូច និងមានបញ្ហាប្រសិនបើយើងអាចជួយឲ្យបេះដូងមានចលនាឡើងវិញនៅក្នុងរយៈពេលនឹងព្រមទាំងបញ្ចូលខ្យល់ទៅដល់ខួរក្បាល គឺយើងអាចបន្ថយការស្លាប់របស់អ្នកជំងឺ និងទុកឱកាសឲ្យក្រុមគ្រូពេទ្យឯកទេសបញ្ជូនអ្នកជំងឺទៅសង្រ្គោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។

លោកស្រី សុខ ណារ៉ូ សម្តែងនូវក្តីសោមនស្សរីករាយ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក លោកស្រី ជាអ្នកឧបត្ថម្ភគាំទ្រ ជាគ្រូជំនាញសម្របសម្រួលបណ្តុះបណ្តាលថ្នាក់ជាតិ និងអន្តរជាតិ ក្នុងវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមក្រោមប្រធានបទ «រៀនវិជ្ជាសង្គ្រោះបឋម ដើម្បីមនុស្សជាទីស្រឡាញ់» ដើម្បីចូលរួមទិវារត់ម៉ារ៉ាតុងនៅលើទឹកដីខេត្តសៀមរាប។

លោកស្រីបន្តថា វគ្គបណ្តុះបណ្តាលពីវិជ្ជាសង្គ្រោះលើកនេះពិតជាការបណ្តុះបណ្តាលជំនាញ ដ៏សំខាន់ក្នុងការជួយសង្គ្រោះជនរងគ្រោះដោយមានការប្រើម៉ាស៊ីនជំនួយចលនាបេះដូង(អេ អ៊ី ឌី) ដែលនៅខេត្តសៀមរាបពុំទាន់មាននៅឡើយ។ 

នៅកម្ពុជាបច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ និងស្លាប់ដោយបញ្ហាបេះដូងជួយសង្គ្រោះមិនទាន់ពេលវេលាក៏នៅតែជាបញ្ហាប្រឈមនៅឡើយ។

លោកស្រីសង្ឃឹមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយនេះជាបន្តបន្ទាប់ប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជាទូទាំងកម្ពុជាកាន់តែយល់ដឹងពីសារសំខាន់នៃវិជ្ជានេះ និងចេះជួយសង្គ្រោះគ្នាទៅវិញទៅមក នៅពេលជួបឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗជាក់ជាមិនខាន៕