(រតនគិរ)៖ ក្រោយពីព័ត៌មានក្នុងបណ្តាញសង្គមមួលបង្កាច់ការស្ថាបនាផ្លូវគ្មានគុណភាពប៉ះពាល់ដល់កិត្តិយសមន្ត្រីរាជការ និងក្រុមហ៊ុនរកស៊ីមានអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក យន់ វិបុល មន្ត្រីបច្ចេកទេសខេត្តរតនគិរី បានដឹកនាំអាជ្ញាធរសង្កាត់កាចាញ និងក្រុមហ៊ុនផាត់ សុខហ៊ាងឯ.ក ចុះពិនិត្យផ្លូវបេតុងអាមេ១កន្លែង ប្រវែង៣០០ម៉ែត្រ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។
លោក ឡេង ប៊ុនរិទ្ធ ចៅសង្កាត់រងទី១ សង្កាត់កាចាញ បានថ្លែងប្រាប់ថា គម្រោងមូលនិធិឃុំសង្កាត់កាចាញឆ្នាំ២០២៤ ដេញថ្លៃបានលើក្រុមហ៊ុន ផាត សុខហ៊ាងឯ.ក ដែលមានតម្លៃទាបជាងគេបំផុត ហើយការងារស្ថាបនាផ្លូវនេះ មន្ត្រីបច្ចេកទេសខេត្ត, អាជ្ញាធរក្រុងបានលុង និងអាជ្ញាធរសង្កាត់កាចាញ ដាក់កម្លាំងត្រួតពិនិត្យជាប្រចាំជាមួយក្រុមហ៊ុនដោយមានប្រវែង៣០០ម៉ែត្រ, ទទឹង៦ម៉ែត្រ និងកម្រាស់ ០,១២ម៉ែត្រ តាមលក្ខណៈបច្ចេកទេស គុណភាពត្រឹមត្រូវ ទើបអាជ្ញាសង្កាត់ការចាញទទួលយក ហើយផ្លូវបេតុងអាមេនេះទើបស្ថាបនាបានប្រមាណជា៨០ភាគរយតែប៉ុណ្ណោះ។
លោក យន់ វិបុល មន្ត្រីបច្ចេកទេសខេត្តរតនគិរី ប្រាប់ឱ្យដឹងថា ការស្ថាបនាផ្លូវបេតុងអាមេប្រវែង៣០០ម៉ែត្រ គម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២៤ ដែលបណ្តាញសង្គមមួលបង្កាច់គ្មានគុណភាព ដោយមិនបានសួរនាំ ក្រុមការងារសោះនាំឱ្យមហាជនមានការយល់ច្រឡំនោះ គឺខាងក្រុមហ៊ុនមិនទាន់ស្ថាបនាផ្លូវរួចរាល់ស្ថាពរនៅឡើយទេ។ ដូច្នេះគម្រោងខាងលើក្រោមការត្រួតពិនិត្យពីមន្ត្រីបច្ចេកទេស, អាជ្ញាធរក្រុងបានលុង និងសង្កាត់កាចាញ រហូតដល់បញ្ចប់ការងារស្ថាបនាផ្លូវ១០០ភាគរយ ទើបក្រុមការងារទាំងអស់ ត្រួតពិនិត្យពីបច្ចេកទេសគុណភាពតាមសៀវភៅបន្ទុកត្រឹមត្រូវ ទើបចុះហត្ថលេខាទទួលយកឱ្យប្រជាពលរដ្ឋអាស្រ័យផ្លូវ។
លោក យន់ វិបុល បានបន្តថា ដោយមានការពិភាក្សាពីមន្ត្រីបច្ចេកទេសខេត្ត, អាជ្ញាធរក្រុងបានលុង និងអាជ្ញាធរសង្កាត់កាចាញ ប្រជុំពិភាក្សាគ្នារួចគឺផ្លូវចំនួន៥ខ្សែ ប្រវែង១,១០០ម៉ែត្រត្រូវបានប្រគល់គម្រោងឱ្យក្រុមហ៊ុន ផាត សុខហ៊ាង ឯ.ក ជាអ្នកស្ថបនាផងដែរ។
ដោយឡែកលោក ផាត សុខហ៊ាង នាយកក្រុមហ៊ុន បានប្រាប់ឱ្យដឹងថា បញ្ហាផ្លូវបេតុងអាមេប្រវែង៣០០ម៉ែត្រ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ មានស្នាមប្រេះនោះគឺដោយសារប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់កាចាញបានសុំខាង ក្រុមហ៊ុនបើកផ្លូវឱ្យរថយន្តដឹកជ័រកៅស៊ូធ្ងន់ឆ្លងកាត់ទើបបណ្តាលឱ្យ គ្រឹះខាងក្រោមមិនទាន់ស្ងួតទើបមានស្នាមប្រេះដូច្នេះ។
លោកថា ការស្ថាបនាផ្លូវនេះមិទាន់រួចរាល់១០០ភាគរយនៅឡើយទេ កន្លែងណាប្រេះស្រាំឱ្យតែមន្ត្រីបច្ចេកទេ និងអាជ្ញាធរប្រាប់មកខាងក្រុមហ៊ុន លោកនឹងបញ្ជាឱ្យក្រុមការងារបំពេញកន្លែងខ្វះខាតឱ្យភ្លាម ពោលគឺគោរព តាមសៀវភៅបន្ទុក, តាមការណែនាំមន្ត្រីបច្ចេកទេសខេត្ត, អាជ្ញាធរក្រុងបានលុង និងអាជ្ញាធរសង្កាត់កាចាញទើបក្រុមហ៊ុនអាចដកលុយថ្លៃទទួលសាងសង់បាន។
លោក ផាត សុខហ៊ាង បានសំណូមពរទៅអាជ្ញាធរសង្កាត់កាចាញ សុំបិតផ្លូវកំពុងសាងសង់មួយរយៈសិនដោយណែនាំប្រជាពលរដ្ឋ ដឹកជ័រកៅស៊ូវៀងទៅផ្លូវផ្សេងជៀសវាងបញ្ហាផ្លូវប្រេះស្រាំបន្តទៀត។
បន្ថែមលើនេះ លោក ផាត សុខហ៊ាង ថា ក្រុមហ៊ុនលោកស្ថាបនាផ្លូវធានាបច្ចេកទេស គុណភាព អនុវត្តតាមសៀវភៅបន្ទុកមិនខូចឈ្មោះក្រុមហ៊ុនទេ គឺជាដៃគូដ៏ល្អប្រកបអាជីវកម្មតទៅមុខទៀត ព្រមទាំងសន្យាចំពោះមុខមន្ត្រីបច្ចេកទេសខេត្ត និងអាជ្ញាធរសង្កាត់កាចាញស្ថាបនារួចរាល់ស្ថាពរដាក់ឲ្យប្រជាពលរដ្ឋអាស្រ័យផ្លូវ ហើយខាងក្រុមហ៊ុននឹងធ្វើការថែទាំផ្លូវរយៈពេល៦ខែទៀត៕