ខេត្តប៉ៃលិន៖ លោកហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន និងជាប្រធានក្រុមការងារពិសេសសម្រាប់ លុបបំបាត់ជំងឺគ្រុនចាញ់នៅខេត្តប៉ៃលិនតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ និងត្រួតពិនិត្យវឌ្ឍនភាពផែនការប្រតិបត្តិគម្រោងរបៀបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាដំណាក់កាលទី២ក្នុងខេត្តប៉ៃលិនឆមាសទី១(ខែតុលា២០២២ ដល់ខែមិនា ឆ្នាំ២០២៣)ដែលប្រព្រឹត្តិទៅនៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន ។ហើយកិច្ចប្រជុំនេះមានរយៈពេល ០១ថ្ងៃ គឺនៅ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ហើយក៏មានការចូលរួមដោយលោក វេជ្ជបណ្ឌិតយក់ សុវណ្ណ អនុប្រធាន មន្ទីរសុខាភិបាលខេត្តប៉ៃលិន ព្រមទាំងលោក-លោកស្រីមេឃុំ-ចៅសង្កាត់ និង អស់លោក-លោកស្រីដែលជាសមាជិកសមាជិកា ក្រុមការងារនិងមន្ត្រីជំនាញជំងឺគ្រុនចាញ់ជាច្រើននាក់ផងដែរ។
លោកវេជ្ជបណ្ឌិតយក់ សុវណ្ណ បានលើកឡើ ងថាច្រើនឆ្នាំមកនេះការប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅប្រទេសកម្ពុជាក៏ដូចជានៅខេត្តប៉ៃលិនទទួលបានជោគជ័យ គួរឲ្យគត់សម្គាល់គឺកាត់បន្ថយ បន្ទុកនៃជំងឺ ដោយបានធ្វើឲ្យអត្រាឈឺ និងស្លាប់ ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះ ។
លោកក៏បានបន្ថែមទៀតថាខេត្តប៉ៃលិនយើងដែលមានមន្ទីរសុខាភិបាលជាសេនាធិការ បច្ចេកទេសបាននិងចាប់ផ្ដើមបង្កើត ប្រព័ន្ធការងារ ដ៏ចាំបាច់មួយដើម្បីការលុបបំបាត់ជំងឺនេះ ជាដំណាក់កាលៗ ដើម្បីសម្រេចគោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទមេរាគជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគ ទាំងអស់ត្រឹមឆ្នាំ២០២៥ ។ ហើយខេត្តប៉ៃលិននឹងក្លាយជាខេត្តគំរូផងដែរក្នុងការលុបបំបាត់ជម្ងឺគ្រុនចាញ់អស់មុនគេក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
លោកហែម ឬទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពិសេស បានលើកឡើងថា« ការប្ដេជ្ញាចិត្ដ លុបបំបាត់ ជំងឺគ្រុនចាញ់នេះ» ត្រូវបានជំរុញលើកទឹកចិត្ដដោយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំប្រទេស ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។ ការលុបបំបាត់នេះ ទាមទារឲ្យមានការរៀបចំ មានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ត្រូវមានការសម្របសម្រួលរវាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងមានមន្ទីរសុខាភិបាល ជាអ្នកបច្ចេកទេស និងមានការចូលរួម ពីអ្នកពាក់ព័ន្ធ គ្រប់រូបផងដែរ ដើម្បីសម្រេចតាមគោលដៅដែលបានកំណត់។
ជាមួយគ្នានោះផងដែរលោកអភិបាលរងខេត្តក៏បានណែនាំដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រូវមានទំនួលខុសត្រូវខ្ពស់លើការងារ បញ្ហាប្រឈម និង ដំណោះស្រាយផ្សេងៗ ក្នុងការយល់ដឹងពីជំងឺគ្រុនចាញ់ និងអ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរ ដែនដីជួយអប់រំឲ្យមានភាពទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងណែនាំបន្តតាមគ្រប់រូបភាពគ្រប់ សកម្មភាព ដល់ប្រជាពលរដ្ឋដែលប្រឈមនឹងជំងឺគ្រុនចាញ់នៅតាមមូលដ្ឋានដែលមានការលំបាក ក្នុងការគ្រប់គ្រង ទិន្នន័យប្រជាជនប្រឈមនឹងជំងឺគ្រុនចាញ់។ ជាពិសេសអាជ្ញាធរដែនដីជួយធ្វើក្នុងការរៀបចំ និងផ្តល់ព៌ត័មានពីបញ្ហាជំងឺគ្រុនចាញ់ និងត្រូវធ្វើបច្ចុប្បន្នភាព សកម្មភាពអន្តរាគមន៍នានាដូចជាកាចែកមុង, អប់រំ ពីបញ្ហាការការពារពីជំងឺគ្រុនចាញ់ជាដើម។
បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តប៉ៃលិន៖ ទិន្នន័យជំងឺគ្រុនចាញ់ប៉ុន្មានឆ្នាំចុងក្រោយនេះមានការថយចុះគួរអោយកត់សំគាល់ជាខ្លាំង។ គិតចាប់ពីឆ្នាំ២០២១ ករណីគ្រុនចាញ់មាន ០៣ករណី ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ហើយក្នុងឆ្នាំ ២០២២ មានតែ ០១ករណីប៉ុណ្ណោះ។ លើសពីនោះសម្រាប់ខេត្តប៉ៃលិនយើងគិតចាប់តាំងពីឆ្នាំ២០១៩ មកដល់បច្ចុបន្បន្នគ្មានករណីអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ។