2025-02-03 13:47
104

តារាសម្ដែងដ៏ល្បីរបស់តៃវ៉ាន់ ដែលត្រូវបានមហាជនស្គាល់ថាធ្លាប់សម្ដែងជាតួអង្គ សាន់ឆាយ ក្នុងខ្សែភាពយន្តរឿង  F4 នោះ ពេលនេះតារាសម្ដែង និងចម្រៀង អ្នកនាង Barbie Hsu បានទទួលមរណៈភាពហើយ ដោយសារតែជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ។

កាលពីថ្ងៃទី ០២ ខែ កុម្ភៈ ម្សិលមិញនេះ ដំណឹងមរណៈភាពរបស់អ្នកនាង Barbie Hsu ដែលត្រូវបានគេដាក់រហ័សនាមថា សាន់ឆាយ កំពុងតែត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមអ៊ីនធឺណេត បន្ទាប់ពីអតីតស្វាមីរបស់នាងបានប្ដូររូបភាពប្រូហ្វាល់លើគណីសង្គមរបស់លោកទៅជាពណ៌ខ្មៅ។ 

ទាក់ទិនជាមួយនឹងរឿងហេតុនេះ មហាជនដែលតែងគាំទ្រអ្នកនាងស្ទើរតែមិនជឿនោះឡើយ ពាក់ព័ន្ធជាមួយនឹងករណីនៃការស្លាប់របស់តារាសម្ដែងរូបនេះ។ 

ក្រោយមក នៅថ្ងៃទី ០៣ ខែ កុម្ភៈ នេះ ទើបប្អូនស្រីរបស់តារាស្រីរូបនេះ បានមកធ្វើការបញ្ជាក់ទាក់ទងជាមួយនឹងមូលហេតុនៃការស្លាប់របស់បងស្រីខ្លួន។ 

ដោយនៅក្នុង ប្អូនស្រីរបស់  Barbie Hsu បាននិយាយថា បងស្រីរបស់ខ្លួនបានទទួលមរណៈភាពជាអកុសល ក៏ព្រោះតែរលាកសួតដោយសារតែជំងឺគ្រុនផ្ដាសាយ។

គួររំឭកឲ្យដឹងថា អ្នកនាង Barbie Hsu ត្រូវបានគេស្គាល់ថាជាតារាចម្រៀង និងជាតារាសម្ដែងដ៏ឆ្នើមមួយរូបនៅក្នុងរឿងភាគតៃវ៉ាន់ នៃខ្សែភាពយន្តរឿង Meteor Garden (F4) នាអំឡុងឆ្នាំ ២០០១ ។ 

ដោយក្នុងនោះ អ្នកនាងសម្ដែងជាតួស្រីឈ្មោះ សាន់ឆាយ ជាមួយនឹងតារាប្រុសចំនួន ០៤នាក់គឺ Jerry Yan, Vic Chou, Ken Chu និង Vanness Wu ។ 

អ្នកនាងបានទទួលមរណៈភាពក្នុងវ័យ ៤៨ ឆ្នាំ ខណៈដែលអ្នកគាំទ្រជាច្រើនបានសម្ដែងនូវការសោកស្ដាយជាខ្លាំងចំពោះសមត្ថភាពរបស់តារាសម្ដែងស្រីឆ្នើមរូបនេះ។