
សិល្បៈ៖ កាលពីថ្ងៃទី ០៩ ខែ កុម្ភៈ ម្សិលមិញនេះ មានការផ្ទុះនូវការវែកញែកយ៉ាងខ្លាំងជុំវិញឃ្លីបវីដេអូ ដែលម្ចាស់ផេកឈ្មោះថា អាក្លូ បានធ្វើការផុសរួមទាំងបញ្ចូលសំឡេងនិយាយលេងសើចជ្រុលរហូតធ្វើឲ្យប៉ះពាល់ទៅដល់ក្រុមគ្រួសាររបស់អ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីត។
ទាក់ទិនទៅនឹងឃ្លីបវីដេអូដែលបានផ្ទុះខាងលើនេះផងដែរ បានធ្វើឲ្យមហាជនដែលនិយមលេងតាមបណ្ដាញសង្គមហ្វេសប៊ុក មានការប្រតិកម្មក៏ដូចជាខឹងសម្បារយ៉ាងខ្លាំងដែលម្ចាស់ផេកមានឈ្មោះខាងលើ ហ៊ានផុសវីដេអូនិយាយលេងសើចជ្រុលរហូតធ្វើឲ្យប៉ះពាល់ទៅដល់រឿងឯកជនរបស់គ្រួសារលោក ជី ដេវីត ដែលជាតារារ៉េបដ៏ល្បីលំដាប់ប្រទេសបែបនេះ។
ប៉ុន្តែមិនប៉ុន្មានម៉ោងក្រោយមក អ្នកនាង ទេព បូព្រឹក្ស ក៏បានធ្វើការ Live ប្រតិកម្មតបវិញភ្លាមៗ ជុំវិញវីដេអូដែលបាននិយាយធ្វើឲ្យប៉ះពាល់ទៅដល់កូនប្រុសជាទីស្រឡាញ់របស់អ្នកនាង។
ក្នុងនោះផងដែរ លោក ជី ដវីត ក៏បានតបទៅម្ចាស់ផេក អាក្លូ វិញថា ឲ្យហែកមេឃរត់ចុះ ហើយលោកនឹងមិននៅស្ងៀមនោះទេចំពោះទង្វើដែលម្ចាស់ផេករូបនេះបាននិយាយប៉ះពាល់ទៅដល់កូនប្រុសតែមួយរបស់លោក។
ក្រោយមកដោយមិនទុកយូរ នៅថ្ងៃ ខែ ឆ្នាំ ដដែល លោក ជី ដេវីត ក៏បានធ្វើការបង្ហោះនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោក នូវលិខិតក្នុងការត្រៀមចំណាត់ការតាមផ្លូវច្បាប់និងធ្វើការពិភាក្សាជាមួយនឹងមេធាវីផ្ទាល់ខ្លួនរបស់លោក ដើម្បីជាការប្ដឹងទៅដល់ម្ចាស់ផេកខាងលើនេះ។
ដោយគ្រាន់តែឃើញលោក ជី ដេវីត ផុសបង្ហាញនូវលិខិតក្នុងការត្រៀមនូវចំណាត់ការខាងលើភ្លាម ម្ចាស់ផេកដែលឈ្មោះ អាក្លូ មិនចាំយូរឡើយក៏បានចេញលិខិតជាសាធារណសុំទោសទៅកាន់ក្រុមគ្រួសាររបស់លោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ភ្លាម។
ដោយអះអាងថា រូបគេដឹងខ្លួនខុសហើយ និងសុំទោសយ៉ាងអស់ពីចិត្តទៅកាន់គ្រួសារលោក ជី ដេវីត រួចបានសន្យាថា នឹងមិនធ្វើទង្វើបែបនេះកាន់គ្រួសារលោក ជី ដេវីត ជាលើកទីពីរនោះទេ។
យ៉ាងណាក៏ដោយ លិខិតសុំទោសជាសាធារណរបស់ម្ចាស់ផេកឈ្មោះ អាក្លូ ហាក់មិនមានប្រសិទ្ធភាពក្នុងការធ្វើឲ្យបេះដូងលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស មានការរង្គោះរង្គើក្នុងការដកពាក្យបណ្ដឹងវិញនោះទេ ព្រោះពេលនេះលោក ជី ដេវីត បានធ្វើការបញ្ជាក់យ៉ាងដាច់អហង្ការហើយថា លោកនឹងមិនឲ្យម្ចាស់ផេកខាងលើនេះរួចខ្លួននោះឡើយ។

