2025-02-10 14:28
147

សិល្បៈ៖ កាលពីយប់ថ្ងៃទី ០៩ ខែ កុម្ភៈ ម្សិលមិញ ម្ចាស់ផេកដែលមានឈ្មោះ អាក្លូ បានបង្ហោះនូវលិខិតសូមទោសជាសាធារណទៅកាន់គ្រួសារលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស នៅក្នុងផេកផ្លូវការរបស់ខ្លួន ស្របពេលដែលលោក ជី ដេវីត បានផុសនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកដោយបញ្ជាក់ថា លោកកំពុងពិភាក្សាជាមួយមេធាវីផ្ទាល់ខ្លួននិងរៀបចំចំណាត់ការតាមផ្លូវច្បាប់ក្នុងការប្ដឹងម្ចាស់ផេករូបនេះ។

ប៉ុន្តែមហាជនដែលនិយមលេងតាមបណ្ដាញសង្គមហ្វេសប៊ុកបានសង្កេតថា ផេកដែលឈ្មោះ អាក្លូ នេះ បានផុសលិខិតសូមទោសទៅកាន់គ្រួសារលោក ជី ដេវីត មិនទាន់បានប៉ុន្មានម៉ោងស្រួលបួលផង ស្រាប់តែពេលនេះផេកដែលមានឈ្មោះខាងលើបែរជាបាត់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកទៅហើយ ពោលគឺមហាជន Search រកឈ្មោះផេកនេះលែងឃើញតែម្ដង។

ជុំវិញនៃការបាត់ផេកឈ្មោះ អាក្លូ នេះផងដែរ គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់ទេថាតើបណ្ដាលមកពីម្ចាស់ផេកនេះភ័យខ្លួន ដែលនិយាយលេងរហូតធ្វើឲ្យប៉ះពាល់ទៅដល់ក្រុមគ្រួសារលោក ជី ដេវីត ស្របពេលដែលលោក បង្ហោះថានឹងប្ដឹងទៅដល់ម្ចាស់ផេកនេះរហូតធ្វើឲ្យរូបគេលុបផេកផ្លូវការរបស់ខ្លួនឯងចោលឬយ៉ាងណានោះទេ ព្រោះថាខណៈនេះមហាជនដែលលេងបណ្ដាញសង្គមកំពុងតែផ្ទុះការវែកញែក ដោយសារតែ Search រកឈ្មោះផេកខាងលើលែងឃើញទៀតហើយ។