2025-02-22 15:05
100

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានរាយការណ៍ថា ករណីជំងឺកញ្ជ្រឹល រហូតមកដល់ពេលនេះ បានកើនឡើងដល់ ៩៣ករណីហើយ ដែលកាលពីសប្ដាហ៍មុន មានត្រឹមតែ១៤ករណីប៉ុណ្ណោះ ហើយភាគច្រើនគឺមានការផ្ទុះឡើងនៅរដ្ឋតិចសាស់។

ហើយនៅថ្ងៃទី ២២ ខែកុម្ភៈ នេះ ករណីជំងឺកញ្ជ្រឹលបានកើនឡើងដល់ ៥៧ ករណីហើយ ដោយពេលនេះ គេកំពុងតែព្រួយបារម្ភថាជំងឺនេះអាចនឹងរីករាលដាលទៅកាន់រដ្ឋផ្សេងទៀតផងដែរ។ 

នាយកដ្ឋានសេវាសុខភាពរដ្ឋនៃរដ្ឋតិចសាស់ បានរំលឹកឡើងវិញកាលពីសប្តាហ៍មុនថា ករណីកាន់តែច្រើននៃជំងឺឆ្លងខ្លាំង ទំនងជាលេចឡើងដោយសារតែការផ្ទុះឡើងនៅក្នុងខោនធី Gaines ។

បើតាម CDC បាននិយាយថាករណីផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ត្រូវបានរាយការណ៍ពីរដ្ឋអាឡាស្កា កាលីហ្វ័រញ៉ា ហ្សកហ្ស៊ី ញូវជឺស៊ី ញូវម៉ិចស៊ីកូ ទីក្រុងញូវយ៉ក កោះរ៉ូដ និងរដ្ឋតិចសាស់។ CDC បានបន្ថែមថា ៩៥% នៃករណីនេះគឺកើតឡើងចំពោះបុគ្គលដែលមិនបានចាក់វ៉ាក់សាំង ដោយ ៤% នៃអ្នកជំងឺសរុបទទួលបានការចាក់វ៉ាក់សាំងមួយដូសនៃកញ្ជ្រឹល-ស្រឡទែន-ស្អូច ហើយគ្មាននរណាម្នាក់បានទទួលថ្នាំទាំងពីរដែលទីភ្នាក់ងារណែនាំនោះទេ។ 

ហើយក្នុងចំណោមករណីទាំងអស់នៃអ្នកកើតជំងឺនេះ មាន ២៨ នាក់កើតលើកុមារក្រោមអាយុ ២ ឆ្នាំ និង ៤៨ នាក់ជាបុគ្គលអាយុចន្លោះពី ៥ ទៅ ១៩ ឆ្នាំ។

គួរបញ្ជាក់ថា ជំងឺកញ្ជ្រឹលត្រូវបានប្រកាសថាលែងមានតទៅទៀតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០០ ។

ហើយបើតាមការប្រៀបធៀបរបស់ CDC បាននិយាយថាមានការផ្ទុះឡើងចំនួនបីដែលត្រូវបានរាយការណ៍ក្នុងឆ្នាំ ២០២៥។ ដោយក្នុងនោះមានការផ្ទុះឡើងចំនួន ១៦ករណី ក្នុងឆ្នាំ ២០២៤ ជាមួយនឹង ២៨៥ករណីដែលជាចំនួនសរុបត្រូវបានរាយការណ៍។