2023-06-04 11:06
737

ភ្នំពេញ៖ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតាមមើលកិច្ចការងារនេះឲ្យបានម៉ត់ចត់ ចំពោះចម្រៀងមួយបទដែលច្រៀងដោយតារាចម្រៀងស្រី អ្នកនាង មាស សុខសោភា មានចំណងជើងថា "មរណភាពព្រះស្វាមី ជ័យវរ័ន្មទី៧" ដើម្បីធានាថា ប្រវត្តិសាស្ត្ររបស់ជាតិ មិនត្រូវបានបំភ្លៃ ជាពិសេសប្រវត្តិសាស្ត្រ ដែលទាក់ទងជាមួយនឹងព្រះបាទជ័យវរ្ម័នទី៧។ 

សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នេះ បានបញ្ចេញសារសម្លេងពិសេសផ្ញើជួនតារាចម្រៀងដ៏ល្បីល្បាញ អ្នកនាង មាស សុខសោភា ថា "សម្តេចពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញបទចម្រៀង ដែលបានបង្ហោះទាក់ទិនទៅនឹង មរណភាពព្រះស្វាមី ជ័យវរ័ន្មទី៧"។ 

ក្នុងសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ទន្ទឹមនឹងការអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំដោយទទូចចំពោះ មាស សុខសោភា ដកចេញជាបន្ទាន់ពីហ្វេសបុកជាមួយនឹងការបង្ហោះនូវបទចម្រៀងនេះ។ 

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា "វាពិតជាធ្វើឲ្យមានការភាន់ច្រឡំដ៏ធំនូវប្រវត្តិសាស្ត្ររបស់ជាតិ ដែលនៅពេលនេះ នៅក្នុងប្រទេសរបស់យើងមានតែព្រះជ័យវរ្ម័នទី៧ មួយអង្គគត់ ត្រូវបានគោរព និងលើកតម្កើងយ៉ាងខ្ពស់ ប៉ុន្តែខ្លឹមសារ នៃបទចម្រៀងបែបជាលក្ខណៈផ្ទុយស្រឡះ យើងមិនទាន់ធ្វើការវិនិច្ឆ័យអ្វីទាំងអស់ ក៏ប៉ុន្តែក្មួយស្រីដូចជាលឿនពេកដើរឆ្ងាយអំពីខ្លឹមសារដើម ឬក៏គ្មានឯកសារយោង"។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើសុំឲ្យតារាចម្រៀង មាស សុខសោភា ដកចេញជាបន្ទាន់ ហើយសុំឲ្យអ្នកលេងបណ្ដាញសង្គមទាំងអស់កុំចែករំលែកបន្ត និងមេត្រាលុបចោលបទចម្រៀងនេះជាបន្ទាន់សម្រាប់អ្នកដែលទទួលបន្ត។  

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបទចម្រៀងទាក់ទិននឹងមរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧ នេះថា "រឿងនេះ គឺជារឿងដ៏ធំ ប្រសិនបើមានការអន្តរាគមន៍ ពីសំណាក់ថ្នាក់ជាន់ខ្ពស់ទេ ប្រហែលជាក្មួយស្រីមិនអាចដកចេញ ឬមិនអាចដកចេញទៀតផង ហើយបញ្ហានេះយើងចាំនិយាយគ្នានៅពីក្រោយទៀត"។ 

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតាមមើលកិច្ចការងារនេះឲ្យបានម៉ត់ចត់ ដើម្បីធានាថា ប្រវត្តិសាស្ត្ររបស់ជាតិមិនត្រូវបានបំភ្លៃ ជាពិសេស ប្រវត្តិសាស្ត្រទាក់ទងជាមួយនឹងព្រះបាទជ័យវរ្ម័នទី៧ និងសូមឲ្យមានយោបយល់ចំពោះជាតិសាសន៍របស់យើង។ 

សម្តេចតេជោ បញ្ជាក់ថា "មិនមែនចម្រៀងមួយបទនេះ អាចមកជំនួសប្រជាជន ចំនួន ១៧នាក់ ដែលកំពុងតែធ្វើការគោរពចំពោះព្រះបាទជ័យវរ្ម័នទី៧ នោះឡើយ"។ 

សូមជម្រាបថា ប្រតិកម្មរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំពោះបទចម្រៀងមួយបទ "មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧" ដែលច្រៀងដោយតារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា ផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហោះលើបណ្តាញសង្គមនានាដោយមានការចែករំលែកយ៉ាងច្រើន។ 

ប្រតិកម្មរបស់ក្រសួងវប្បធម៌ ចំពោះបទចម្រៀងមានចំណងជើងថា "មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧" ព្រោះក្នុងអត្ថន័យចម្រៀងនេះ គ្មានភស្តុតាងច្បាស់លាស់បញ្ជាក់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រខ្មែរដ៏មហិមា នាសម័យអង្គរនោះឡើយ។ 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ "Meas Soksophea" ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។ 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនថា "រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តណាមួយ ដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់បញ្ជាក់ច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះ​បាទ​ជ័យរវ្ម័នទី៧ នៅឡើយទេ"។ ក្នុងការផលិតបទចម្រៀងខាងលើនេះ គឺពុំមានភស្តុតាង​ពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។ 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសង្កេតឃើញថា បទចម្រៀងនេះ បានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ហើយក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់៕