2023-06-05 08:45
864


ភ្នំពេញ៖ តារាចម្រៀង អ្នកនាង មាស សុខសោភា បន្ទាប់ពីមានប្រតិកម្មពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធអត្ថន័យចម្រៀងមួយបទ មានចំណងជើងថា «មរណៈភាពព្រះស្វាម៉ី ជ័យវរ្ម័នទី៧» អ្នកនាងបានចេញធ្វើការសុំទោសចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ។   


ក្រោយមានប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី និងផ្ទុះការរិះគន់ពីសំណាក់មហាជនជាច្រើន តារាចម្រៀងដ៏ល្បីល្បាញ គឺអ្នកនាង មាស សុខសោភា បានចេញសារសុំទោសភ្លាមៗ ដោយនាងបានសរសេរថា សុំទោសសម្តេចតេជោ ហ៊ុន សែន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង «មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ 
តារាចម្រៀង អ្នកនាង មាន សុខសោភា បានសរសេរទៀតថា «នាងពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សា ស្វែងយល់ឱ្យបានស៊ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរ មុននឹងផលិតបទនេះឡើង ទើបធ្វើឱ្យមានកំហុសឆ្គងកើតមានឡើង ដោយអចេតនា»។ អ្នកនាង មាស សុខសោភា ក៏បានសរសេរទៀតថា «នាង និងក្រុមការងារសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន និងក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់រូបនាង»។ 


តារាចម្រៀង អ្នកនាង មាស សុខសោភា បានសរសេរបញ្ជាក់ថា «ដល់ពេលនេះ នាងបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពីហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងជាស្ថាពរហើយ និងសន្យាថា ចាប់ពីថ្ងៃនេះតទៅ នាងនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀត ពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរជាបន្តទៀត»។ 
សូមជម្រាបថា នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចេញសារសម្លេងពិសេសផ្ញើជួនតារាចម្រៀង អ្នកនាង មាស សុខសោភា យ៉ាងដូច្នេះថា «សម្តេចពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញបទចម្រៀងដែលបានបង្ហោះទាក់ទិនទៅនឹងមរណភាពព្រះស្វាមី ជ័យវរ័ន្មទី៧។ វាពិតជាធ្វើឲ្យមានការភាន់ច្រឡំដ៏ធំនូវប្រវត្តិសាស្ត្ររបស់ជាតិ ដែលនៅពេលនេះ នៅក្នុងប្រទេសរបស់យើងមានតែព្រះជ័យវរ្ម័នទី៧ មួយអង្គគត់ ត្រូវបានគោរព និងលើកតម្កើងយ៉ាងខ្ពស់ ប៉ុន្តែខ្លឹមសារនៃបទចម្រៀងបែបជាលក្ខណៈផ្ទុយស្រឡះ យើងមិនទាន់ធ្វើការវិនិច្ឆ័យអ្វីទាំងអស់ ក៏ប៉ុន្តែក្មួយស្រីដូចជាលឿនពេកដើរឆ្ងាយអំពីខ្លឹមសារដើម ឬក៏គ្មានឯកសារយោង»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រាប់ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ «ត្រូវតាមមើលកិច្ចការងារនេះឲ្យបានម៉ត់ចត់ ដើម្បីធានាថា ប្រវត្តិសាស្ត្ររបស់ជាតិមិនត្រូវបានបំភ្លៃ ជាពិសេស ប្រវត្តិសាស្ត្រទាក់ទងជាមួយនឹងព្រះបាទជ័យវរ្ម័នទី៧ និងសូមឲ្យមានយោបយល់ចំពោះជាតិសាសន៍របស់យើងហើយមិនមែនចម្រៀងមួយបទនេះ អាចមកជំនួសប្រជាជន ចំនួន ១៧នាក់ ដែលកំពុងតែធ្វើការគោរពចំពោះព្រះបាទជ័យវរ្ម័នទី៧ នោះឡើយ»។

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ បន្ទាប់ពីបានឃើញមានការបង្ហោះផ្សព្វផ្សាយនូវបទចម្រៀងមួយបទក្រោមចំណងជើងថា «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ «Meas Soksophea» ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គត របស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។
ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា សង្កេតឃើញថា បទចម្រៀងនេះ បានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ហើយក៏ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់ និងស្នើសុំចំពោះសាធារណជនមេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្តផងដែរ។