
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ស្នាក់នៅព្យាបាល និងតាមដានស្ថានភាពជំងឺមួយរយៈខ្លីនៅប្រទេសសិង្ហបុរី។ គ្រាន់តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញដល់កម្ពុជាភ្លាម បើទោះបីរូបកាយកំពុងជាប់ដោយជំងឺយ៉ាងណាក្តី សម្តេច មិនបានអញ្ជើញទៅសម្រាកនោះឡើយ គឺបន្តដំណើរអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅគេហដ្ឋាននៃសព។
ព្រោះតែជំងឺបានធ្វើឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានដង្ហើមចុងក្រោយរបស់បងប្រុសជាទីគោរពស្រឡាញ់នោះឡើយ។ នៅមុខមឈូសសពបងប្រុស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្តីវិប្បយោគក្តុកក្តួលអួលណែនឱរាយ៉ាងជ្រាលជ្រៅបំផុត។ ទឹកភ្នែកច្រើនដំណក់ហូរស្រក់ឥតដាច់ ព្រោះក្តីស្រណោះដល់មនោសញ្ចេតនា អនុស្សាវរីយ៍ល្អៗ អនុស្សាវរីយ៍ក្នុងគ្រាកម្សត់នៃជីវិតពេលប្រទេសមានវិបត្តិជាដើម។
ក្នុងឱកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែងនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសរសេរខ្លីបង្ហោះថា៖ «មានតែទឹកភ្នែកជូនដំណើរបង។ ប្អូនថ្លៃម្នាក់នេះជាអ្នកគិតគូរគ្រប់យ៉ាងសម្រាប់បងប្រុសតែអកុសលពេលបងប្រុសឈឺធ្ងន់គាត់ក៏ឈឺត្រូវវះកាត់ដែលមិអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសថែមទាំងមិនបានចូលរួមបុណ្យសពក្រៅតែពីដុតធូបគោរពលាបងប្រុសប៉ុណ្ណោះ»។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ៕
