2025-04-01 12:47
30

ភ្នំពេញ៖    នៅវេលាម៉ោង​ ៤​ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់និងមានវិធានការចំពោះអាជីវករមួយចំនួនដែលលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវលេខ ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

លោកអភិបាលរងខណ្ឌបានឱ្យដឹងថាកន្លងមករដ្ឋបាលខណ្ឌតែងតែចុះណែនាំនិងចែកលិខិតជូនដំណឹងលេខ ០៦៥/២៥ សជណ.ចអព ដល់អាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ។បន្ទាប់ពីទទួលបានការណែនាំនិងលិខិតជូនដំណឹងរួចហើយ ឃើញថាអាជីវករភាគច្រើនគោរពនិងអនុវត្តតាមការណែនាំ ជាមួយគ្នានេះក៏នៅមានអាជីវករមួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពានដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាពនិងបង្កការកកស្ទះចរាចរណ៍។

ក្នុងនាមលោកអភិបាលខណ្ឌ និងក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមអំពាវនាវដល់អាជីករទាំងអស់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ សូមកុំដាក់តាំងលក់ទំនិញ ឬសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដើម្បីលទ្ធភាពយានយន្តគ្រប់ប្រភេទធ្វើចរាចរ និងសម្រាប់ថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋយើង៕