2025-04-10 13:27
149

បាត់ដំបង៖     មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅថា CMAC ប្រចាំមជ្ឈមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់មរតកតេជោ ឈរជើងក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានដាក់គ្រឿងចក្រធ្វើសកម្មភាពលើកផ្លូវថ្មី ប្រវែងជាង ១០០០ ម៉ែត្រ រំលោភលើដី ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល កំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋ ទាំងបំពាន ខណៈភាគីក្រុមហ៊ុនជំទាស់ និងបានស្នើសុំកិច្ចអន្តរាគមន៍ ដើម្បីទប់ស្កាត់ ប៉ុន្តែគ្មានវិធានការនោះឡើយ។

តំណាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានអះអាងថា រាល់សកម្មភាពអនាធិបតេយ្យនានា ដូចជា ជីក ស្រះ ចាក់ដី និងលើកផ្លូវថ្មី រំលោភលើដីរបស់ក្រុមហ៊ុនដែលកំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតនៅតែបន្តកើតមានដដែល។ 

ពាក់ព័ន្ធទំនាស់ដីធ្លីដ៏រាំរ៉ៃ រវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋជាង ៣០០ គ្រួសារ និងអង្គភាព CMAC លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ហាក់ប្រងើយកន្តើយក្នុងការសម្របសម្រួលដោះស្រាយ ឬគ្មានវិធានការ ដើម្បីទប់ស្កាត់ តាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងមហាផ្ទៃ ដែលបានចាត់ឱ្យរដ្ឋបាលស្រុកគាស់ក្រឡ មានវិធានការទប់ស្កាត់រាល់ការ កាប់ទន្ទ្រាន និងសាងសង់ថ្មីបន្តទៀត ព្រមទាំងទប់ស្កាត់រាល់ការចុះហត្ថលេខានានារបស់អាជ្ញាធរមូលដ្ឋាននៅលើដីទំនាស់នេះ។   

លោក រ៉ា ចាន់ អ្នកមើលការខុសត្រូវលើដីក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀន បានប្រាប់ឱ្យដឹងថា៖ «មួយរយៈពេលចុងក្រោយថ្មីៗនេះ ក្រុមមន្ត្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់មរតកតេជោ (CMAC) បានដាក់គ្រឿងចក្រលើកផ្លូវថ្មី និងជីកស្រះ ចាក់ដី លើដីរបស់ក្រុមហ៊ុនដែលកំពុងមានទំនាស់យ៉ាងអនាធិបតេយ្យដោយគ្មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរស្រុកគាស់ក្រឡឡើយ ទោះបីជាលោកបានដាក់បណ្តឹងស្នើសុំកិច្ចអន្តរាគមន៍ក្នុងការទប់ស្កាត់រាល់សកម្មភាពទាំងនោះជាច្រើន ប៉ុន្តែមិនទទួលបានការឆ្លើយតប និងវិធានទប់ស្កាត់ ឬស្វែងរកដោះស្រាយណាមួយសមស្របនោះទេ ពោលគឺអាជ្ញាធរស្រុកប្រងើយកន្តើយតែម្តង»។ 

លោក រ៉ា ចាន់ បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ នេះ គ្រឿងចក្ររបស់អង្គភាព CMAC កំពុងបន្តជីកស្រះ ដឹកជញ្ជូនអាចម៍ដីចាក់ នៅត្រង់ចំណុច តំបន់ត្រពាំងទ្រា និងឪឡោក ក្នុងឃុំគោករកា ស្រុកគាស់ក្រឡ ផ្ទុយនឹង សជណ របស់រដ្ឋបាលខេត្តបាត់ដំបង និង សជណ របស់ក្រសួងមហាផ្ទៃ ជាពិសេសបំពានដីកាសម្រេចចាត់ចែងរក្សាការពារ លេខ ០៦(ក) ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង តែម្តង។ 

អ្នកមើលការខុសត្រូវដីក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានរំឭកសាវតាដីនោះថា៖ «កាលពីអំឡុងឆ្នាំ២០០៧-២០០៨ កាលនោះ លោកបម្រើការងារជាកងទ័ព បានទទួលបទបញ្ជាពីថ្នាក់លើមាន លោក សៅ ចន្ថា និងឧត្តមសេនីយ៍ ចឹក ខឹម ឱ្យដឹកនាំគ្រឿងចក្រ ០១ក្រុម ដើម្បីកាយក្រវ៉ាត់កំណត់ព្រំដីរបស់ក្រុមហ៊ុនដែលមានទំហំ ៤ ០៦៧ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំដូនបា និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ដោយគ្មានពាក់ព័ន្ធនឹងប្រជាពលរដ្ឋណាម្នាក់មកជំទាស់ ឬតវ៉ានោះទេ»  លោកបានបន្តទៀតថា៖ «លោកបានចាត់ចែង និងមើលខុសត្រូវចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១២ ត្រូវបានផ្លាស់ប្តូរចេញឱ្យអ្នកផ្សេងមកជំនួស។ លុះមកដល់ឆ្នាំ២០២០ មានឈ្មោះ សោម វ៉ាន់ធឿន និង លោក អ៊ុក សារឿន (អតីតមេឃុំឆ្នាល់មាន់) ដើម្បីជួយបង្ហាញព្រំដីរបស់ក្រុមហ៊ុនដោយមានការចូលរួមពីសំណាក់អាជ្ញាធរ និងមន្ត្រីជំនាញផ្នែកសុរិយោដីថ្នាក់ស្រុក-ខេត្ត ដើម្បីធ្វើអត្តសញ្ញាកម្មលើដីក្រុមហ៊ុន […] ដោយលោកបានបង្អុលប្រាប់គ្រប់ចំណុចព្រំដីទាំងអស់»

«លុះបន្ទាប់មកទៀត លោកទទួលបានការផ្តល់ទំនុកចិត្ត ត្រូវបានក្រុមហ៊ុនឱ្យមើលការខុសត្រូវលើដីក្រុមហ៊ុន រហូតដល់បច្ចុប្បន្ននេះ ហើយរាល់ពេលមានសកម្មភាពឈូសឆាយ ទន្ទ្រានថ្មីលើដីរបស់ក្រុមហ៊ុនកំពុងមានទំនាស់ ក្នុងនោះក៏មានសេចក្តីជូនដំណឹងពីថ្នាក់ខេត្ត និងក្រសួងណែនាំឱ្យរដ្ឋបាលស្រុកគាស់ក្រឡទប់ស្កាត់ និងហាមឃាត់រាល់សកម្មភាពផ្សេងៗលើដីមានទំនាស់នោះ ប៉ុន្តែគ្មានប្រសិទ្ធភាពក្នុងការអនុវត្ត ហើយក្រុមហ៊ុនដាក់លិខិតសុំអន្តរាគមន៍ទៅកាន់ថ្នាក់់លើជាច្រើនលើកជាច្រើនសារផងដែរ»។ លោក រ៉ា ចាន់ បានប្រាប់ឱ្យដឹងបន្ថែម។

ពាក់ព័ន្ធនឹងដីរបស់ក្រុមហ៊ុនកំពុងមានទំនាស់ជាមួយ អង្គភាពកំចាត់មីន CMAC លោក រ៉ា ចាន់ បានបញ្ជាក់ថា៖ «ដីទំហំប្រមាណ ៨០០ ហិកតា លោកមិនបានដឹងច្បាស់ថា CMAC ប្រមូលទិញពីខាងណាខ្លះទេ ប៉ុន្តែគ្រាន់តែដឹកថាវាស្ថិតក្នុងការគ្រប់គ្រងរដ្ឋបាលរបស់ឃុំឆ្នាល់មាន់ ប៉ុន្តែពេលចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរឃុំដូនបាទៅវិញ»។ អ្នកមើលខុសត្រូវដីរបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល រូបនេះ បានបន្ថែមថា៖ «រឿងរ៉ាវទំនាស់ដីធ្លីនេះ មានភាពស្មុកស្មាញខ្លាំង ព្រោះជំហររបស់អាជ្ញាធរស្រុកគាស់ក្រឡ ក្នុងការសម្រុះសម្រួល ដើម្បីដោះស្រាយហាក់យឺតយ៉ាវ និងមិនយកចិត្តទុកដាក់តែម្តង»។ (សំឡេងលោក រ៉ា ចាន់)

លោក អ៊ុម វ៉ារី មេធារី តំណាងដោយអាណត្តិរបស់ ក្រុមហ៊ុន អេហ្គ្រីខលឈ័រ បានថ្លែងថា៖ «ករណី ទំនាស់ដីរបស់ក្រុមហ៊ុននេះ លោកបានដាក់ពាក្យអន្តរគមន៍ទៅថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីមានវិធានការទប់ស្កាត់សកម្មភាពរំលោភបំពានដែលកើតមានថ្មី ប៉ុន្តែការឆ្លើយតប ឬចំណាត់ការមានភាពយឺតយ៉ាវបំផុត និងគ្មានប្រសិទ្ធិភាព ហើយករណីខ្លះអត់មានការឆ្លើយតបតែម្តង ដូចករណីថ្មីនេះ អង្គភាព CMAC ដាក់គ្រឿងចក្រកាយលើផ្លូវថ្មី និងកាយស្រះ ចាក់ដីក្នុងដីកំពុងមានទំនាស់របស់ក្រុមហ៊ុន បំពានទៅនឹងលិខិតលេខ ២៧៦៥/២៣ សជណ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង,លិខិតលេខ ៥៣៩ សជណ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ឯកឧត្តម យឹម សៀប អភិបាលរងខេត្តបាត់ដំបង, លិខិតលេខ ១២៦ សជណ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ, ក្នុងនោះបំពាននឹងដីកាសម្រេចចាត់ចែងរក្សាការពារ លេខ ០៦(ក) ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ផងដែរ»

លោកមេធាវី អ៊ុម វ៉ារី បានបន្ថែមថា ក្រោយពេលលោកទទួលបានការពឹងពាក់តាមផ្លូវច្បាប់ពីក្រុមហ៊ុនមក លោកបានដាក់លិខិតជាច្រើនទៅកាន់ ឯកឧត្តមឧបនាយករដ្ឋមមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយលោកក៏កំពុងរង់ចាំការដោះស្រាយដែរ។ លោកបន្ថែមថា ស្របពេលគ្នានេះលោកក៏បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ជាច្រើនទៅឯកឧត្តមអភិបាលខេត្តបាត់ដំបង ប៉ុន្តែអ្វីដែលលោកបានមើលឃើញ គឺគ្មានកិច្ចអន្តរាណាមួយដែររហូតដល់ការរំលោភបំពាននោះបានសម្រេច។

ពាក់ព័ន្ធទំនាស់ដីធ្លីរវាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីហ្វៀល ជាមួយប្រជាពលរដ្ឋ និងអង្គភាព CMAC ទំហំជាង ៤ ០០០ហិកតា ស្ថិតក្នុងឃុំដូនបា ស្រុគាស់ក្រឡ ជាពិសេសថ្មីៗនេះ មានការលើកផ្លូវថ្មីលើដីរបស់ក្រុមហ៊ុនពីសំណាក់មន្ត្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់មរតកតេជោ លោក ចិន សំអន មេឃុំដូនបា បានប្រាប់ឱ្យដឹងថា៖ «តាមពិតទៅរឿងហ្នឹងលោកមិនបានដឹងច្បាស់ទេ ព្រោះកិច្ចការងារដល់ថ្នាក់ខេត្ត និងថ្នាក់លើអស់ហើយ ថ្នាក់មូលដ្ឋានគ្មានសិទ្ធដោះស្រាយក្នុងរឿងនេះទេ […] ប៉ុន្តែថ្នាក់លើត្រួតពិនិត្យទៅថាជាដីរបស់រដ្ឋ មិនអាចមានអ្នកណាដោះបានទេ…»។ (សំឡេង លោក ចិន សំអន) 

លោក ចិន សំអន មេឃុំដូនបា បានឱ្យដឹងទៀតថា៖ «….ក្រោយពេលមានទំនាស់មន្ត្រីជំនាញបានចុះធ្វើការស្រាវជ្រាវរកឃើញថា ដីទំនាស់នេះ ជាដីរបស់រដ្ឋ ប៉ុន្តែប្រជាពលរដ្ឋ និងក្រុមហ៊ុនបានអាស្រ័យផលរយៈពេលជាង ១០ឆ្នាំ កន្លងមកហើយ។ ចំពោះឯកសារពាក់ព័ន្ធលើដីនេះ ពិតជាមានមែន ប៉ុន្តែការដោះទទួលលទ្ធផល [….] លោកដឹងតែប៉ុណ្ណឹង»  ពាក់ព័ន្ធករណីអង្គភាព CMAC ធ្វើផ្លូវថ្មីលើដីរបស់ ក្រុមហ៊ុន លោក ចិន សំអន មេឃុំដូនបា បានបញ្ជាក់ថា៖ «ថ្នាក់ខេត្តថាដីនេះជាដីរបស់រដ្ឋ អញ្ចឹងបានជួបជាមួយតំណាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ សុំអនុវត្តគម្រោងហ្នឹង ព្រោះយើងពិបាកស្នើសុំផ្លូវ […] លោកដឹងតែប៉ុណ្ណឹង បើក្រុមហ៊ុនឈ្នះក៏ប្រើប្រាស់ប្រាស់ផ្លូវហ្នឹង ប្រជាពលរដ្ឋក៏ប្រើប្រាស់ផ្លូវហ្នឹងដែរ»

ជុំវិញករណី អង្គភាព CMAC លើកផ្លូវថ្មីលើដីរបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីហ្វៀល កំពុងមានទំនាស់ដ៏ក្តៅគគុកនេះ ដែលផ្ទុកនឹង សជណ របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងមហាផ្ទៃ លោក ឡាក់ វណ្ណា នាយករដ្ឋបាលសាលាស្រុកគាស់ក្រឡ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ បានថ្លែងថា៖ «ពាក់ព័ន្ធករណីនេះ លោកមិនអាចឆ្លើយតមបានទេ បើចង់ដឹងច្បាស់អាចឱ្យអញ្ជើញមកអង្គភាពលោកផ្ទាល់ ព្រោះត្រូវទាមទាឱ្យបានឯកសារផ្សេងៗ ដើម្បីបង្ហាញជូនក្រុមអ្នកសារព័ត៌មាន។ ចំពោះរឿងអង្គភាព CMAC លើកផ្លូវថ្មីនេះ ភាគីក្រុមហ៊ុនធ្លាប់បានចូលរួមដោះស្រាយនៅរដ្ឋបាលរួមម្តងហើយ»

លោក ឡាក់ វណ្ណា បានបញ្ជាក់ថា៖ «ករណី CMAC នៅតែបន្តលើកផ្លូវលើដីក្រុមហ៊ុន លោកនឹងសួរទៅអភិបាលរងស្រុកដែលចូលរួមកិច្ចប្រជុំដោះស្រាយផ្ទាល់នៅរដ្ឋបាលខេត្ត ដោយមានតំណាងក្រុមហ៊ុនក៏ចូលរួមដែរ ចំពោះលទ្ធផលយ៉ាងណាលោកមិនទាន់បានដឹងទេ ហើយអង្គប្រជុំសម្រេចយ៉ាងណាលោកមិនច្បាស់លាស់ទេ ដូច្នេះមិនឆ្លើយបានទេ»

លោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ក្រុមការងារបានទំនាក់ទំនង ដើម្បីសុំការបញ្ជាក់ជុំវិញរឿងទំនាស់ដីធ្លីរវាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ជាមួយប្រជាពលរដ្ឋ និងអង្គភាព CMAC នៅក្នុងភូមិសាស្ត្រឃុំដូនបា និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ទូរសព្ទហៅចូលហើយគ្មានអ្នកទទួលនោះទេ។

លោក រស់ សុភា នាយកមជ្ឈកមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់តេជោមរតក ក្រុមការងារបានភ្ជាប់ទូរសព្ទ ដើម្បីសាកសួរបំភ្លឺជុំវិញករណី លើកផ្លូវថ្មីរំលោភលើដីរបស់ ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ប៉ុន្តែគ្មានការការឆ្លើយតមទេ ព្រោះទូរសព្ឌចូលគ្មានអ្នកទទួលឡើយ។

សូមជម្រាបថា លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង ធ្លាប់បានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកថា៖ «ក្នុងនាមលោកតំណាងជាអភិបាលខេត្ត រឿងទំនាស់ដីធ្លីក្នុងភូមិសាស្ត្រស្រុកគាស់ក្រឡ លោកនឹងដោះស្រាយឱ្យចប់ក្នុងឆ្នាំ២០២៥នេះ»

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នឹងដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីទូទាំងខេត្តបាត់ដំបង ផងដែរ៕