2025-04-26 10:59
37

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះ បានណែនាំដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ និងអនុវត្តគោលការណ៍៖ «ប្រជាពលរដ្ឋម្នាក់ គឺជាភ្នាក់ងារសន្តិសុខម្នាក់ ដែលពួកគាត់មានសិទ្ធិគ្រប់គ្រាន់ ក្នុងការផ្តល់ព័ត៌មានទាំងឡាយណា ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ទាក់ទងនឹងសុខសុវត្ថិភាពក្នុងមូលដ្ឋាន ជាពិសេស ដើម្បីធានាបាននូវការគាំទ្រគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»

លោក ខូយ រីដា បានណែនាំបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត សម្រាប់ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង ឃុំសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ មន្ត្រីកិច្ចសន្យា និងបុគ្គលិកហាត់ការ ប្រមាណជិត ៣០០នាក់ផងដែរ។

លោកអភិបាលខេត្តពោធិ៍សារ បានគូសបញ្ជាក់ថា៖ «បច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព មកដល់ពេលនេះ គឺបានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនឆ្នើមៗជាច្រើនរូបទៀត ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ ដោយឡែក សម្រាប់ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីទប់លំនឹងសេដ្ឋកិច្ចជាតិ និងដើម្បីទាក់ទាញអ្នកវិនិយោគក្រៅប្រទេស ចូលមកបណ្តាក់ទុកក្នុងប្រទេសកម្ពុជា»

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដាក់នូវទិសស្លោកមួយចំនួន មន្ត្រីមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង២ រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ត្រូវបន្តកិច្ចការងារថែរក្សាសន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ គ្រឿងញៀន ក្មេងទំនើង និងបរិស្ថាន ដោយត្រូវធ្វើឲ្យបាន។ ត្រូវដោះស្រាយរាល់បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាព ក្នុងករណីដោះស្រាយមិនបានត្រូវរាយការណ៍មកខេត្ត។ មន្ទីរ អង្គភាព ត្រូវពិនិត្យការងាររបស់មន្ត្រី ចំពោះការធ្វើរបាយការណ៍ទៅថ្នាក់ជាតិ ត្រូវចម្លងជូនមករដ្ឋបាលខេត្ត។ ត្រូវបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទាំងព្រៃឈើ និងនៅលើផ្ទៃទឹកបឹងទន្លេសាប។ ត្រូវមានភាពឈ្លាសវៃឆ្លើយតបទៅនឹងបណ្តាញព៌ត៌មានអវិជ្ជមាន ចំពោះមន្ទីរអង្គភាពណាពាក់ព័ន្ធ សាម៉ីមន្ទីរអង្គភាព ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា។ រៀបចំត្រៀមទទួលបដិសណ្ឋារកិច្ច វត្តមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នៅស្រុកបាកាន និងវត្តមាន របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅស្រុកវាលវែង នាពេលឆាប់ៗខាងមុខ។ ត្រូវបង្កើតគោលការណ៍ ប្រជាពលរដ្ឋម្នាក់ គឺជាភ្នាក់ងារសន្តិសុខម្នាក់ ក្នុងការផ្តល់ព័ត៌មាន ជូនដល់អាជ្ញាធរមានសមត្ថកិច្ច។

ដោយឡែក លោក ខូច រីដា បានណែនាំដល់មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ និងអាជ្ញាធរដែនដី ត្រូវសហការដើរតួ ត្រួតពិនិត្យរាល់ការលក់ម្ហូបអាហារ គ្មានអនាម័យ និងប៉ះពាល់ដល់សុខភាព និងត្រូវធ្វើកិច្ចសន្យាចំពោះអ្នកលក់ដូរណា មិនគោរពគោលការណ៍អនាម័យ និងបរិស្ថាន។

ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានផ្តល់ជូនបណ្ណសរសើរ ជូនដល់រដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អ ក្នុងការដឹកនាំ រៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាព បរិស្ថាន អនាម័យបានល្អ ព្រមទាំងមន្ត្រីកិច្ចសន្យា និងបុគ្គលិកហាត់ការ ដែលមានស្នាដៃល្អ ក្នុងការរៀបចំតុបតែងលម្អភ្លើង សោភ័ណ្ឌភាព និងអនាម័យបរិស្ថាន ក្នុងខេត្តផងដែរ៕