2025-05-02 11:42
21

ភ្នំពេញ៖  ហេតុការណ៍នេះបាន កើតឡើងកាលពី យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចស្តុបសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តារាចម្រៀងស្រីម្នាក់ ឈ្មោះ ចាប ចិន្តា ត្រូវបានប្រពន្ធដើម និង មនុស្សមួយក្រុមជាបងប្អូនប្រពន្ធដើម បើកឡានដេញបុក និង ព្រួតវ៉ៃ ដោយចោទប្រកាន់ថាតារាចម្រៀងស្រីរូបនេះព្យាយាមទាក់ទងប្តីរបស់គេ ខណៈតារាស្រី ចាប ចិន្តា បដិសេធថា មិនបានទាក់ទងប្តីនរណានោះទេ។

ប្រភពពីនារីរងគ្រោះ ជាតារាចម្រៀងឈ្មោះ ចាប ចិន្តា បានបញ្ជាក់ថា រូបនាងបានបើករថយន្តមួយគ្រឿងម៉ាក TOYOTA Prius មួយគ្រឿងសុខៗ ស្រាប់តែមានរថយន្តម៉ាក  ford Rabter ពណ៌ស មួយគ្រឿងបើកមកកាក់ពីមុខ រួចមនុស្សប្រុសស្រី២នាក់ ចុះមកស្រែកបង្ខំឲ្យរូបនាងចុះពីលើរថយន្ត និង បានប្រើប្រាស់អំពើហិង្សាវ៉ៃបំផ្លាញរថយន្តរបស់នាង ។ បន្ទាប់មករូបនាងក៏បានបើករថយន្តគេច រហូតដល់ស្តុបសំណង់១២ តែត្រូវបានមនុស្សប្រុសស្រី២នាក់នោះ បើករថយន្តដេញពីក្រោយ និង បុកពីក្រោយពេញទំហឹង ហើយរូបនាងបានចេញពីលើរថយន្តដើម្បីរត់គេច តែត្រូវ ប្រពន្ធដើម និង បងប្អូនប្រពន្ធដើម ព្រួតគ្នាវ៉ៃរូបនាងទាំងប្រុស ទាំងស្រីតែម្តង ស្របពេលមនុស្សមួយក្រុមកំពុងនាំគ្នាព្រួតវ៉ៃនាងក៏បានរត់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋលក់ចាបហួយ ពេលនោះប្រជាពលរដ្ឋក៏បានជួយហាមឃាត់មនុស្សមួយក្រុមនោះកុំឲ្យវ៉ៃរូបនាងទៀត។

ប្រពន្ធដើម បានបញ្ជាក់ថា តារាចម្រៀងស្រី ឈ្មោះ ចាប ចិន្តា តែងតែមករវីរវល់ជាមួយប្តីរបស់គាត់ ដើម្បីទាក់ទងគ្នា ដល់ថ្ងៃកើតហេតុ នារីខាងលើ មកគោះទ្វាផ្ទះដើម្បីរកប្តីរបស់គាត់ ទើបធ្វើឲ្យគាត់ខឹង បបួលបងប្អូននាំគ្នាព្រួតដេញវ៉ៃនារីនោះតែម្តង ធ្វើឲ្យរបួសមុខ និង ក្បាល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះមកដល់ចំណុចកើតហេតុ រួចនាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕  តែក្នុងករណីហិង្សាលើកបក្សពួកព្រួតវ៉ៃស្រី្តម្នាក់រងរបួសនេះ    នៅថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥  វេលាម៉ោងប្រហែល២៣:៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖  

១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

២-ឈ្មោះ អ៊ឹង លីមុំ  ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កង  រាជធានីភ្នំពេញ ។

បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើដំបងមូល,ប្រើដៃនិងបើករថយន្តម៉ាកRaptorដេញបំបុកជនរងគ្រោះជាអតីសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង)។ ចំណែកជនសង្ស័យជាបក្ខពួក០១នាក់ភេទប្រុស  (កំពុងរត់គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor  ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ ។ * បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕