
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាកិត្តិយសសម្ពោធជាផ្លូវការសណ្ឋាគារ TUI BLUE ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ និងអន្តរជាតិ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍ពិធីសម្ពោធបើកឱ្យដំណើរការសណ្ឋាគារ ធួយ ប៊្លូ TUI BLUE ខេត្តព្រះសីហនុ ជាសក្ខីភាពថ្មីមួយទៀតបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។ ខ្ញុំជូនពរឱ្យសណ្ឋាគារ និងរីស្សត ធួយ ប៊្លូ ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីភ្ញៀវជាតិ និងអន្តរជាតិ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការសម្ពោធបើកឱ្យដំណើរការសណ្ឋាគារ និងរីស្សតនាពេលនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងមកពីបណ្ដាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះ ឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនេះ ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឱ្យមានការរីកចម្រើនប្រកបដោយគុណភាព និងនិរន្តភាព រដ្ឋបាលខេត្តព្រះសីហនុបាន និងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន៖ ផ្លូវថ្នល់ ការរៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេស ចរណ៍ស្តង់ដា ជាពិសេសពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាតនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ រួមទាំងជំរុញការបង្កើនគុណភាពផលិតផលសេវា និងការរក្សាភាពញញឹមរួសរាយរាក់ទាក់ជាប្រពៃណីរបស់ប្រជាជនយើង ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅ ក្នុងស្មារតីស្រឡាញ់រាប់អាន សហប្រតិបត្តិការល្អ និងចូលរួមកាន់តែខ្លាំងក្លាដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ដើម្បីធ្វើឱ្យខេត្តក្លាយជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែបពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមក្រសួងទេសចរណ៍ សូមអបអរសាទរចំពោះក្រុមហ៊ុន TUI Hotels & Resorts ពង្រីកវត្តមាននៅទីនេះ ក្នុងប្រទេសកម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ពិសេសលើផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ។ កម្ពុជាជាគោលដៅទេសចរណ៍ដ៏សុវត្ថិភាព ហើយវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា "មាសបៃតង” និងជាវិស័យអាទិភាព។ ក្នុងន័យនេះ វិស័យទេសចរណ៍កំពុងអភិវឌ្ឍគួរឱ្យកត់សម្គាល់ដោយមានកំណើនជាវិជ្ជមានជារៀងរាល់ឆ្នាំ។ វិស័យទេសចរណ៍ជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីសម្រេចបាននូវកំណើនទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ក្រោមពាក្យស្លោកសំខាន់ៗចំនួនបីដូចជា៖ ទី១. “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ទី២. “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និងទី៣. “បុគ្គលម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ជាការជំរុញលើកទឹកចិត្តឱ្យបុគ្គលគ្រប់រូបដើរតួនាទីក្នុងការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិនៅកម្ពុជា នឹងការអភិវក្សអត្តសញ្ញាណខ្មែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់ កើនឡើងប្រមាណ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងឆ្នាំ២០២៤ មានទេសចរអាល្លឺម៉ង់ជិត៧៥,០០០នាក់ (ប្រាំពីរម៉ឺនប្រាំពាន់នាក់) ក្នុងចំណោមភ្ញៀវទេសចរមកពីបណ្តាប្រទេសអឺរ៉ុបប្រមាណជិត៦៦៧,០០០នាក់ កើនឡើងជិត១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះភ្ញៀវ និងអ្នកវិនិយោគិនអន្តរជាតិ តាមរយៈការលើកកម្ពស់បរិយាកាសបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវ និងវិនិយោគិនអន្តរជាតិ៕

