2025-05-06 11:28
5

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមអនុវត្តការងារចរាចរណ៍ផ្លូវគោកក្នុងគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ កម្លាំងនគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន បន្តចុះដាក់គោលដៅអនុវត្តចំពោះអ្នកបើកបរយានយន្តក្រោមឥទិ្ធពលជាតិស្រវឹង។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌចំការមន បានឲ្យដឹងថា ៖ ដើម្បីអនុវត្តនូវបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមនបន្តចុះដាក់អនុវត្តត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹងនៅវេលាម៉ោង២៣និង០០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង០២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅលើបណ្តោយផ្លូវ២៧១ មុខក្លឹបហាត់ប្រាណភ្នំពេញស្ពត សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ដែលមានកម្លាំងចូលរួមសរុប២៤នាក់ ក្នុងនោះកម្លាំងនគរបាលការិយាល័យចរាចរណ៍ចំនួន ១២នាក់ និងកម្លាំងនគរបាលខណ្ឌចំការមនចំនួន ១២នាក់ ក្រោមការដឹកនាំលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា និងលោកឧត្តម សេនីយ៍ត្រី ហ៊ុន សុជាតិ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន។

របាយការណ៍ដដែលបន្តថា ៖ លទ្ធផលមានយានយន្តឆ្លងកាត់ចំនួន ៩៦គ្រឿង (ម៉ូតូ៦០គ្រឿង, រថយន្ត៣៦គ្រឿង) និងឃាត់យានយន្តល្មើសជាតិស្រវឹងចំនួន ០៨គ្រឿង (រថយន្ត០១គ្រឿង, ម៉ូតូ០៧គ្រឿង) យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយផាកពិនិត្យតាមច្បាប់៕