
ភ្នំពេញ៖ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ ប៉ះជាមួយរថយន្តមួយគ្រឿងទៀត បត់ឆ្លងផ្លូវនៅកំពង់ស្ពឺ ដែលបណ្តាលឱ្យស្ត្រីកម្មការិនីម្នាក់ស្លាប់ និងមានអ្នករងរបួងធ្ងន់-ស្រាល ៤១នាក់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខ្ញុំអំពាវនាវឱ្យម្ចាស់រថយន្តដឹកកម្មករ និងអ្នកបញ្ជារថយន្តលើដងផ្លូវទាំងអស់ សូមមានស្មារតីខ្ពស់ វិជ្ជាជីវៈខ្ពស់ អធ្យាស្រ័យខ្ពស់ ដើម្បីកុំឱ្យកម្មករដែលជាជនស្លូតត្រង់កំពុងបន្តរងផលប៉ះពាល់។
មន្ត្រីអ្នកនាំពាក្យរូបនេះ បានលើកឡើងថា នៅព្រឹកថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿង នៅត្រង់ចំណុច ផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ (១២៩-១៣០) ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានបណ្តាលឱ្យកម្មកររងរបួស ៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧នាក់។
លោក ស៊ុន មេសា បានបញជាក់ថា៖ «តាំងពីពេលកើតហេតុមកថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. និងមន្ត្រីមន្ទីរការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងមានវត្តមាននៅមន្ទីរពេទ្យ ដើម្បីសម្របសម្រួលជាមួយក្រុមគ្រូពេទ្យ ដើម្បីជួយសង្គ្រោះជនរងគ្រោះ»។
ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ សូមអំពាវនាវឱ្យបងប្អូនដែលជាម្ចាស់រថយន្តដឹកកម្មករពង្រឹងការបើកបរ ពង្រឹងការប្រុងប្រយ័ត្ន និងវិជ្ជាជីវៈខ្ពស់ក្នុងការបើកបរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលអ្នកបញ្ជារថយន្តតាមដងផ្លូវទាំងអស់គួរអធ្យាស្រ័យខ្ពស់ យោគយល់ខ្ពស់ ព្រោះគ្រោះថ្នាក់ចរាចរណ៍បានកើងឡើងដែលប៉ះពាល់ដល់កម្មករដែលជាជនស្លូតត្រង់នៅលើរថយន្តមានគ្រោះថ្នាក់ និងរងផលប៉ះពាល់។
លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «គិតចាប់ពីខែមករា ដល់សប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មរ ចំនួន ០៣ ករណី មានជនរងគ្រោះសរុប ៨៩ នាក់ (ស្រី ៨១នាក់) ក្នុងនោះជនរងគ្រោះ ស្លាប់ ០១នាក់ (ស្រី) របួសធ្ងន់ ១០នាក់ (ស្រីទាំងអស់) និងរបួសស្រាល ៧៨នាក់ (ស្រី ៧០នាក់)។
ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មការិនីនិងក្រុមគ្រួសារទៅតាមគោលការណ៍នៃបេឡាជាតិរបបសន្តិសុខសង្គម៕


