
ភ្នំពេញ៖ លោកឧត្តសេនីយ៍ ថី វិសាល អនុប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងបណ្តាញទំនាក់ទំនងសង្គម គ្រុមតេឡេក្រាម កំពុងស្រាវជ្រាវ ករណី «គ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវជាតិលខ៨ ភូមិសាស្រ្តខេត្តព្រៃវែង ពេលនគរបាលចុះអនុវត្តច្បាប់ចរាចរតាំងពីព្រឹមស្រាងៗ បង្កឱ្យកើតមានគ្រោះថ្នាករថយន្ត ចំនួន ០២គ្រឿង បុកបន្តបន្ទុយគ្នា (បុកគូត) បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ដោយមិនទទួលខុសត្រូវប៉ូលិសបាននាំគ្នាលើកប៉ារ៉ាស់រត់គេចបាត់អស់ចេញពីកន្លែងកើតហេតុ ពេលនេះសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពុងធ្វើការស្រាវជ្រាវ»។
នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចប្បន្នជាសមាជិករដ្ឋសភា បានបង្ហោះនូវខ្លឹមសារថា៖ «សូមគោរពជំរាបទៅកាន់ឯកឧត្តមបង ថ្ងៃនេះក្រុមគ្រួសាររបស់នាងខ្ញុំមានទុក្ខយ៉ាក្រៀមក្រំដោយសារទង្វើររបស់មន្ត្រីប៉ូលីសចរាចរណ៍បានចេញឃាត់ឡានដឹកទំនិញនៅមុខឡានដឹកទំនិញរបស់ក្មួយនាងខ្ញុំវាបង្កអោយក្មួយរបស់នាងខ្ញុំមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារការអនុវត្តការងារគ្មានក្រមសីលធម៌វិជ្ជាជីវៈ»។
ខ្លឹមដែលបង្ហោះដដែលបានបញ្ជាក់ថា៖ «... ក្មួយរបស់នាងខ្ញុំជាកូនប្រុសច្បងគ្រួសារក្នុងគ្រួសារខ្វះខាត ក្មួយថាថាអាណិតម៉ែឪរកលុយមិនបានឪ្យប្អូនៗរៀន សុខចិត្តបោះបង់ការសិក្សាខ្លួនឯងថ្នាក់ទី១២ ទៅចាប់យករបរជាតៃកុងឡានឈ្នួល ដើម្បីរកប្រាក់សន្សំសម្រាប់ខ្លួនឯង ជួយប្អូនៗអោយបានរៀនសូត្រ និងប្រាក់មួយចំនួនសងគុណចិញ្ចឹមម៉ែ និងឪ...ក្មួយថានឹងខំធ្វើការសន្សំលុយថ្ងៃណាមួយនឹងមានលុយទិញឡានរត់ខ្លួនឯងក្រែងជីវភាពបានប្រសើរជាងនេះ...ជាអកុសលបំផុតថ្ងៃនេះក្មួយបានលាចាកលោកទាំងវ័យក្មេង ទាំងក្តីបំណងមិនបានបំពេញ...»។
សំណេរដែលឯកឧត្តម ខៀវ កាញារីទ្ធ យកមកបង្ហោះបានបញ្ជាក់ថា៖ «សោកនាដកម្មនេះ គឺកើតឡើងមកពីមន្ត្រីប៉ូលីសចរាចរណ៍ខិលខូចគ្មានវិជ្ជាជីវ:លបស្ទាក់ចេញមកឃាត់រថយន្តដឹកទំនិញ ម៉ោង០៥និង៣០នាទីព្រឹកធ្វើឱ្យរថយន្តខាងមុខចាប់ហ្វ្រាំង បណ្តាលឪ្យរថយន្តខាងក្រោយចាប់ហ្វ្រាំងមិនទាន់បានអកសឺទៅបុករថយន្តខាងមុខ»។
តាមគណនីហ្វេសប៊ុកឈ្មោះ «Ah'thy Amr» ដែលអះអាងត្រូវជាសាច់ញាតិជនរងគ្រោះ បានបង្ហោះថា៖ «ភាពឈឺចាប់គ្រួសាររបស់ខ្ញុំ បាត់បង់ក្មេងប្រុសកត្តញ្ញូរម្នាក់ ចំពោះគ្រួសារជីវិតក្មួយរបស់ខ្ញុំ សងជីវិតក្មួយខ្ញុំវិញមកអស់លោកមន្ត្រីប៉ូលីសចរាចរណ៍មួយក្រុមអនុវត្តន៍ការងារគ្មានក្រមសីលធម៌ បង្ករគ្រោះថ្នាក់ហើយនាំគ្នារត់អស់ដោយសារក្នុងសង្គមមានបុគ្គលដូចអស់លោកមួយចំនួនតូចបែបនេះហើយ ទើបធ្វើអោយប៉ះពាល់ដល់មន្ត្រីដែរគេល្អៗថ្នាក់ដឹកនាំលោកមានប្រសាសន៍ហើយហេតុអ្វីមិនអនុវត្តន៍តាម សារនេះផ្ញើជូនចំពោះមន្ត្រីចរាចរណ៍មួយចំនួនជាដើមហេតុធ្វើអោយក្មួយរបស់ខ្ញុំបាត់បង់អាយុជីវិត នៅចំណុចព្រំប្រទល់ខេត្តព្រៃវែង និងកំពង់ចាម»។
ក្រោយមានការបង្ហោះ និងចែករំលែកព័ត៌មានខាងលើនេះ ក្នុងបណ្តាញសង្គម និងប្រព័ន្ធតេឡេក្រាម លោកឧត្តមសេនីយ៍ទោ ថី វិសាល អនុប្រធាននាយករដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនរបាលជាតិថា៖ «ករណីនេះ កើតនៅផ្លូវជាតិលខ៨ ភូមិសាស្រ្តខេត្តព្រៃវែង ហើយសមត្ថកិច្ចខេត្តកំពុងស្រាវជ្រាវ។ យើងខ្ញុំនឹងជម្រាបជូនព័ត៌មានលម្អិតតាមក្រោយ»៕

