2025-05-08 12:10
23

ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ បានទៅសួរសុខទុក្ខនិងនាំយកអំណោយស្បៀងអាហារនិងថវិកាជាច្រើនទៅជូនកងកម្លាំងកងទ័ពចម្រុះ ដែលបាននឹងកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាបដែលធ្វើនៅគោលដៅបណ្តែតទឹក១ ក្បែរកោះខ្សាច់ពួយភូមិព្រែកក្រឃុំមេទឹកស្រុកបាកានខេត្តពោធិសាត់ជាប់ព្រំប្រទល់ភូមិក្បាលតោលឃុំកោះជីវាំងស្រុកឯកភ្នំខេត្តបាត់ដំបង ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង- នាយសេនាធិការ នៃយោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំក្រុមការងារបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបបានថ្លែងស្វាគមន៍ថា: រដ្ឋបាលខេត្តបន្ទាយមានជ័យ ជាប្រតិភូថ្នាក់ខេត្តទ្រង់ទ្រាយធំនិងផ្តល់អំណោយច្រើនជាងគេទៅសួរសុខទុក្ខកងកម្លាំងកងទ័ពដែលបាននឹងកំពុងឈរជើងទប់ស្កាត់និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប បាត់ដំបង ពោធិសាត់ កំពង់ធំ កំពង់ឆ្នាំង។

ឯកឧត្តមថ្លែងអំណរគុណនិងជូនពរដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ រួមនឹងប្រតិភូអមដំណេីរ មន្ត្រី សប្បុរសជននានាដែលបានចំណាយពេលវេលានិងសន្តានចិត្តសប្បុរសចុះសួរសុខទុក្ខកងទ័ពនិងនាំយកស្បៀងអាហារមកផ្តល់ជូនរួមមាន៖ អង្ករ៣តោន ពងទា៣០០០គ្រាប់ មីជាតិ១០០កេស  ប៊ីចេង១០០កញ្ចប់ ស្ករស ១០០គីឡូក្រាម អំបិល២០០គីឡូក្រាម ប្រេងឆា៥០លីត្រ ខ្ទឹមស ១០០គីឡូក្រាម ទឹកត្រី ៥០យួរ ទឹកសុីអ៉ីវ ៥០យួរ សាច់ក្រក ២០០គីឡូក្រាម សាច់ជ្រូកស្រស់ចំនួន៣ក្បាល សាច់គោចំនួន ៣ក្បាល នឹងថវិកា២៩លានរៀលផងដែរ។

ឯកឧត្តមបន្តថា ក្រោយពីទទួលបានបទបញ្ជារពីសម្តេចធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមប្រធានគណៈបញ្ជាការដឹកនាំក្រុមការងារបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប លោកបានដឹកនាំកងកម្លាំងកងទ័ពចម្រុះ( ចំណុះយោធភាគទី៥ , ចំណុះយោធភាគទី៤,ចំណុះយោធភាគពិសេស ,អង្គភាពទ័ពពិសេស... ) ចំនួន៨០០ប្លាយនាក់ តាំងពីចុងឆ្នាំ២០២៤ មក បានធ្វេីចុះទប់ស្កាត់ បង្ក្រាបយ៉ាងសកម្ម ខ្លាំងក្លានិងដូចភ្លៀងរលឹម លើ៣មុខព្រួញធំនៃបទល្មេីសនេសាទខុសច្បាប់ជុំវិញបឹងទន្លេសាបនិងបានរិបអូសស្បៃនិងសម្ភារៈ ឧបករណ៍ មធ្យោបាយនេសាទខុសច្បាប់ធ្វេីការដុតបំផ្លាញចោលឧបករណ៍ ជាច្រេីន និងបានព្រលែងត្រីនិងមច្ឆ:ជាតិចូលទន្លេវិញរាប់សិប រាប់រយតោន។

ពោលគឺមកទល់ពេលនេះ អនុវត្តបានលទ្ធផលប្រមាណ៨០ភាគរយ ។
ជាមួយ គ្នានោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអំពាវនាសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមនេសាទស្របច្បាប់និងសហការ. សូមរាយការមកកងកម្លាំង ដើម្បីទប់ស្កាត់ បង្ក្រាបបទល្មេីសនេសាទខុសច្បាប់ ។

នាឱកាសនោះ.ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យបានថ្លែងការកោតសរសើរចំពោះដល់កងកម្លាំង ដែលបានខិតខំអនុវត្តយ៉ាងម៉ឺងម៉ាត់បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ក្រាបបទល្មើសនេសាទនានានៅក្នុងផ្ទៃបឹងទន្លេសាប។

កងកម្លាំងកងទ័ពចម្រុះបានឆ្លងកាត់ឧបសគ្គ មិនថាជួបព្យុះភ្លៀង ក្តៅ រងាយ៉ាងក៏ដោយ ក៏ខិតខំបង្ក្រាបបទល្មេីស ការពារមច្ឆ:ជាតិជាតិ និងធនធានជីវៈចម្រុះដែលមាននៅក្នុងបឹងទន្លេសាប។

ឯកឧត្តមអ៊ុំ រាត្រី បានបន្តថា : រដ្ឋបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋបានពេញចិត្តណាស់លើលទ្ធផលនៃបេសកកម្មនេះរបស់កងកម្លាំង ហើយជឿជាក់ថា ទិន្នផលមច្ឆ:ជាតិនឹងបានកើនឡើងវិញ ហើយធ្វើអោយជីវភាពប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិបានប្រសើរឡើង ៕