2025-05-08 12:13
107

(កំពត)នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ មានគណនីហ្វេសបុកមួយមានឈ្មោះថា Sou Ching E បានបង្ហោះវីដេអូរយៈពេលជិត ២នាទី ដោយសរសេរថានៅម៉ោប្រមាណជា ១១ និង៤១នាទី សូមអោយសមត្ថកិច្ចជួយអន្តរាគមន៍ មានក្រុមមនុស្សមួយក្រុមបើកឡានដេញបុកឡានខ្ញុំ ស្កាត់មុខឡានខ្ញុំហើយដាក់ម៉ូតូពីក្រោយឡានខ្ញុំ មិនឱ្យខ្ញុំទៅណារួច មានបំណងចាប់ជំរិត ឬយ៉ាងណា សូមសមត្ថកិច្ចខេត្តកំពត ជួយធ្វើអន្តរាគមន៍ដោយអនុគ្រោះ។ ទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ផ្លូវឡើងទៅវត្តជប់”។

ក្រោយពីមានការបង្ហោះ និងចែកចាយវីដេអូនេះជាបន្តបន្ទាប់ នៅម៉ោង ១២:៤១នាទី ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការបំភ្លឺតាមរយៈហ្វេសបុកផេកផ្លូវការ និងឆានែលតេឡេក្រាមផ្លូវការ អបដោយដីការបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយសរសេរខ្លឹមសារថា៖ “ជូនសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ចំពោះករណីខាងលើនេះ គឺជាការអនុវត្តតាមដីការបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីបន្តនិតិវិធី"។
យោងតាមដីការបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលចេញដោយចៅក្រមស៊ើបសួរ លោក ហុក ពៅ បានបញ្ជាក់ថា ដោយយោងតាមសំណុំរឿងស៊ើបសួរលេខ ១៥៤៦ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានជនត្រូវចោទឈ្មោះ អ៊ី ស៊ូជីង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្ថិតនៅអគារសាលាភាសាកូរ៉េ ចន់ ជូ ភូមិភ្លូផ្អែម ឃុំគោករការ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនត្រូវចោទត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ រំលោភលើទំនុកចិត្ត តាមមាត្រា ៣៩១ មាត្រា ៣៩២ នៃក្របព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចាប់ផ្តើមអំឡុងឆ្នាំ២០១៦ និងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ថ្ងៃទី២៥ ខែកក្កដា និងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ។(សឹង រ៉ាត់)