2025-05-11 08:46
22

ភ្នំពេញ៖ ទីបំផុត អតីតស្នងការរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវបានលោក តុប ថាណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគាំរខេត្តសៀមរាប ពាក់ព័ន្ធ ចំនួន ០៣ បទល្មើស នៃច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ។

យោងតាមដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៥៤៥ ដសពល ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥ របស់សាលាដំបូងខេត្តសៀមរាប ដែលបានសម្រេច៖ ឃុំខ្លួនឈ្មោះសម្បត្តិ កុសល ភេទប្រុស អាយុ ៤១ឆ្នាំ កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាលនៃនាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដូចខាងក្រោម

- បទ៖ «ប៉ុនប៉ងសូកប៉ាន់» ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣២ នៃច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ និងមាត្រា ២៧ និង មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ។

- បទ៖ «ប្តឹងបរិហារដោយភូតកុហក» ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១ នៃច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ

- បទ៖ «សូកប៉ាន់» ប្រព្រឹត្តនៅហាងកាហ្វេ Brown Riverside (សាខាមាត់ទន្លេ) រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ជាបណ្តោះអាសន្ន។ 

សូមជម្រាបថា ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ជាមន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋានគរបាលជាតិ អតីតស្នងការរងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទង ត្រូវបាន ACU ឃាត់ខ្លួនកាលល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។ ជាប់ពា់ព័ន្ធរឿតក្តីក្តាំងគ្នាជាមួយស្ត្រីឈ្មោះ ចិន ស្រីដា ដែលអ្នកជំនួញអនឡាញ និងអ្នកចងការប្រាក់ មានទីលំនៅក្រុង-ខេត្តសៀមរាប។

អតីតស្នងការរងនគរ​បាលខេត្ត​បន្ទាយមានជ័យរូបនោះ ត្រូវបាន ACU បញ្ជូនខ្លួនទៅ​សាលាដំបូងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ហើយពេលនេះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ចំនួន ០៣ បទល្មើស នៃច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ៕