2025-05-21 11:09
15

ភ្នំពេញ៖   សន្តិសុខផ្សារទួលពង្រចំនួន ០២នាក់ និងអ្នកពាក់ព័ន្ធករណីដើរប្រមូលលុយប្រចាំខែពីបងប្អូនអាជីវករលក់ដូរតាមកញ្ច្រែង ល្អី បន្តិចបន្តួច នៅមុខរោងចក្រកាត់ដេ ហុង វ័ន និងតាមចិញ្ចើម ចាប់ពី៦ដល់១២ម៉ឺនរៀល ត្រូវអង្គភាពប្រឆាំងអំពើពុករលួយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

បុរសជាសន្តិសុខផ្សារទួលពង្រទាំង០២នាក់ ត្រូវអង្គភាពACUបញ្ជូនខ្លួនទៅកាន់តុលាការ នៅថ្ងៃ២០ ខែឧសភា ឆ្នាំ២០២៥នេះ។ ការបញ្ជូនខ្លួននេះធ្វើឡើងក្រោយសមត្ថកិច្ចរកឃើញថា ពួកគេបានដើរប្រមូលលុយពីអ្នកលក់ដូរ តាមបណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន និងតាមចិញ្ចើមផ្លូវ ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ ក្នុងម្នាក់ៗ ចាប់ពី៦ម៉ឺនទៅ១២ម៉ឺនរៀលក្នុងមួយខែ។

បើតាមលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់វិទ្យុក្នុងស្រុកថា «នៅថ្ងៃទី២០ ខែឧសភានេះ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងសន្តិសុខផ្សារទួលពង្ររ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ និងមានជនសង្ស័យច្រើនជាង ០២នាក់ ហើយសំណុំរឿងនេះកំពុងស្ថិតនៅដំណាក់កាលសាកសួរនៃព្រះរាជអាជ្ញា។ 

សូមជម្រាបថា កម្លងទៅថ្មីៗនេះ សន្តិសុខ ចំនួន ០២នាក់ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ឃាត់ខ្លួននៅពេលកំពុងដើរប្រមូលលុយពីអ្នកលក់ដូរ នៅតាមបណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន។ បន្ទាប់ចាប់ខ្លួនយកទៅសាកសួរសន្តិសុខទាំង០២នាក់ បានឆ្លើយសារភាពថា ខ្លួនដើរប្រមូលពីអ្នកលក់ដូរបន្តិចបន្តួចតាមចិញ្ចើមផ្លូវជាប្រចាំខែនេះ តាមការបញ្ជារបស់ប្រធានគ្រប់គ្រងផ្សារទួលពង្ររ ហើយសមត្ថកិច្ចបន្តឃាត់ខ្លួនប្រធានផ្សារទួលពង្រេ និងប្រពន្ធ ដើម្បីសាកសួរបន្ថែមទៀតផងដែរ៕