2025-05-21 11:13
72

ខេត្តបាត់ដំបង ៖   បុរសម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននាប៉ុន្មាននាទី ក្រោយពីទាញកាំបិតផ្គាក់កាប់ទៅលើអ្នកក្បែរខាងម្នាក់ទៀតឲ្យរងរបួស គ្រាន់តែប៉ះទង្គិចពាក្យសម្ដីគ្នាបន្តិចបន្ទួច កាលពីវេលាម៉ោង៨ និង៥០នាទីយប់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥  ស្ថិតនៅចំណុចភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង 

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌឹម រ៉ាវីត ភេទប្រុស អាយុ៤០ឆ្នាំ រីឯជនរងគ្រោះឈ្មោះ ប៉ិល ណារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ។ គូរជម្លោះនេះ រស់នៅក្នុងភូមិ សង្កាត់ជាមួយគ្នាខាងលើ ហើយក៏មានមុខរបរកម្មករដូចគ្នាដែរ ។ ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួនភ្លាមៗ ក្រោយកើតហេតុ និង បន្ទាប់ពីភរិយាជនរងគ្រោះដាក់ពាក្យបណ្ដឹង ។

សមត្ថកិច្ចមិនបាននិយាយលំអិតអំពីមូលហេតុ ដែលនាំឲ្យអំពើហិង្សានេះទេ ។ ហើយក៏មិនទាន់មានសាក្សីបំភ្លឺជុំវិញករណីនេះដែរ។  គេគ្រាន់តែរាយការណ៍បឋមថា ជនដៃដល់ និងជនរងគ្រោះបានប៉ះទង្គិចគ្នាដោយពាក្យសម្ដី មុនពេលប្រើហិង្សាយ៉ាងកំរោល ។

នៅក្នុងរបាយការណ៍មន្ត្រីជំនាញបានឲ្យដឹងថា នៅពេលផ្ទុះជម្លោះ ស្រាប់តែជនសង្ស័យ បានស្ទុះទៅទាញកាំបិតផ្គាត់យ៉ាងវែងមកកាប់ជនរងគ្រោះ ត្រូវចំកែងដៃខាងឆ្វេងបណ្ដាលឲ្យរងរបួស ។ គេមិនទាន់មានចម្លើយពីជនសង្ស័យទេ រហូតដល់ពេលនេះ។ ប៉ុន្តែយ៉ាងណា ជនសង្ស័យរូបនេះ កំពុងត្រូវបានកងរាជអាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនពីបទ «ហិង្សាដោយបេតនាមានស្ថានទម្ងន់ទោស» ហើយក៏ពុងសួរនាំ ដើម្បីចងក្រងសំណុំរឿងចាត់ការតាមនីតិវិធីហើយ៕