2025-05-23 16:52
14

ភ្នំពេញ៖ កម្លាំងជំនាញ នៃនាយករដ្ឋប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវ និងឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យម្នាក់ ដែលចូលទៅគ្រប់គ្រងគណនី Telegram អ្នកដទៃរួចធ្វើសកម្មភាព ហើយបានបន្លំជាម្ចាស់ពិតផ្ញើរសារទៅអ្នករកស៊ីជាមួយគ្នា ឆបោកប្រាក់បានប្រមាណ ៤០លានរៀល។  

ប្រតិបត្តិការបង្ក្រាបចោរបច្ចេកវិទ្យានេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

តាមប្រភពបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១រូប មានឈ្មោះ ផ.ម.ល ភេទប្រុស។ តាមការស្រាវជ្រាវជំនាញកំណត់បានថា ជនសង្ស័យពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមបញ្ជារបស់ជនអនាមិក ដោយទទួលបាននូវផលកម្រៃអំពើឆបោកប្រាក់ខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគារណាមួយ សូមពិនិត្យឲ្យបានជាក់លាក់ នូវគណនីធនាគារអ្នកទទួល និងធ្វើការបញ្ជាក់ពីម្ចាស់គណនីទទួលប្រាក់ផងដែរ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលប្រាក់ដែរផ្ទេរចូលដោយគ្មានប្រភពច្បាស់លាស់ ដែលអាចក្លាយខ្លួនជាអ្នកសមគំនិតក្នុងការទទួលផលនៃបទល្មើស៕