
ភ្នំពេញ៖ កងទ័ពកម្ពុជាម្នាក់ បានពលីក្នុងព្រឹត្តិការផ្ទុះអាវុធដាក់គ្នាមួយប្រាវ រវាងកងទ័ពកម្ពុជា និងថៃ នៅតំបន់ «មុំបី» ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់នឹងខេត្ត Ubon Ratchathani ប្រទេសថៃ កាលព្រីកព្រលឹមថ្ងៃពុធ ទី២៨ ខែឧសភានេះ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីយោធាកម្ពុជា ដែលពលីក្នុងកិច្ចការពារព្រំដែន មានឈ្មោះ សួន រោន អាយុ ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាទាហានឈរជើងនៅតំបន់ព្រំដែន «មុំបី» បានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃ នៅព្រំដែនខេត្តព្រះវិហារ។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា៖ «ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់»។
ក្រសួងការពារជាតិ បានបញ្ជាក់ទៀតថា៖ «ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត»។
ក្រសួងការពារជាកម្ពុជា លើកឡើងថា៖ «កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ»។
ក្រសួងការពារជាតិ បានអំពាវនាវឱ្យសាធារណជនទាំងអស់មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែន ឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ដូចជារបស់ប្រទេសជាតិទាំងសងខាង។ ក្រសួងការពារជាតិក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ៕


