2025-05-31 12:36
26

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ប្រកាសបានបដិសេធ និងច្រានចោល ចំពោះការចោទប្រកាន់នានា ពីក្រុមប្រឆាំងនៅក្រៅប្រទេសថា «លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមួយចំនួនទៀតមានការជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាពបទល្មើសឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា ខណៈការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ពីតថភាពពិតនៅកម្ពុជា»។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស» នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ លោកបានបញ្ជាក់ថា៖ «ចំពោះការមួលបង្កាច់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយចោទថា មានទំនាក់ទំនង ជាមួយក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដើម្បីឲ្យករណីឆបោក ឬក៏ករណីជួញដូរមនុស្សនេះ កើតឡើងជាដើម ក្នុងនាមក្រសួងមហាផ្ទៃសូមបដិសេធ និងច្រានចោលទាំងស្រុង ពោល គឺមិនអាចទទួលយកបានជាដាច់ខាតតែម្តង»។

លោក ទូច សុឃៈ បានលើកឡើងថា មានរបាយការណ៍ខ្មៅមួយបានចោទប្រកាន់ទំលាក់កំហុសមកលើកម្ពុជាបែបមួលបង្កាច់កម្ពុជា មានលក្ខណៈនយោបាយដោយផ្សារភ្ជាប់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានទំនាក់ទំនងទទួលលផប្រយោជន៍ពីក្រុមហ៊ុន ជីនប៉ី ប៉ុន្តែការចោទប្រកាន់គ្មានការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។ អ្នកនាំពាក្យបានបញ្ជាក់ថា៖ «ឧបនាយករដ្ឋមន្ត្រី ស សុខា មិនមានទំនាក់ទំនង ឬទទួលបានផលប្រយោជន៍ពីក្រុមហ៊ុន ជីនប៉ី ដូចការចោទប្រកាន់ក្នុងរបាយការណ៍នោះទេ។ លោកមិនដែលប៉ះពាល់ ឬសម្របសម្រួលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ ដូចការចោទប្រកាន់របស់ក្រុមមួយចំនួននោះទេ»។

ពាក់ព័ន្ធទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនេះ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា៖ «យើងមានតែរួមរួមរវាងរដ្ឋនឹងរដ្ឋទើបអាចគ្រប់គ្រងស្ថានការណ៍ដែលកំពុងរីករាលដាលជាសកលទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសដែលរងគ្រោះមួយដែរ ដោយសារបទល្មើសឆកបោកតាមប្រព័ន្ធអនឡាញ និងជួញដូរមនុស្សដែលបទល្មើសឆ្លងដែនសកល និងអន្តរជាតិដែលត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបយើងមិនអាចជះទឹកដាក់ប្រទេសណាមួយ ដើម្បីបង្ហាញភាពស្អាតស្អំ ឬសម្រេចនូវគោលដៅដ៏ទុច្ចរិតរបស់ខ្លួនដាច់ខាត»៕