
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ និងបើកកិច្ចប្រជុំជាមួយអ្នកគ្រប់គ្រង និងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ស្តីពីការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្ត និងវីដេអូថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ។
បន្ទាប់ពីចេញនូវលិខិតជូនដំណឹងដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ចាប់ពីម៉ោង ១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅរួចមក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំស្តីពីការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្ត និងវិដេអូថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ ហើយ ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ ក៏បានចេញលិខិតជូនដំណឹង ដល់គ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ៕
_1749815170.jpg)

