2025-06-25 10:27
8

ត្បូងឃ្មុំ៖ ថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២និង០០នាទីរសៀល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួម សរុបចំនួន ៣ ៥៨៥ នាក់។

ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតជូនមន្រ្តីសុខាភិបាលនៅមូលដ្ឋានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួន និងបាននាំយកការកោតសរសើរពីប្រមុខរាជរដ្ខាភិបាលជូនដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានរួមគ្នាជាមហាសាមគ្គីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី។ ជាការឆ្លើយតបនឹងការកោតសរសើររបស់រាជរដ្ឋាភិបាលនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀតដោយប្រកាន់យកគោលការណ៍បម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យអស់ពីកំលាំងកាយចិត្ត សំដៅកសាងខ្លួនឱ្យក្លាយជាកំលាំងពិត គុណភាពពិតប្រាកដរបស់វិស័យសុខាភិបាល។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកអត្ថន័យ នៃភាពជាអ្នកដឹកនាំ ចំនួន ២គឺ៖ «ទី១៖ អ្នកដឹកនាំត្រូវផ្តោតទៅលើគោលដៅរួមដែលនឹងនាំយកនូវផលប្រយោជន៍ ជូនដល់ក្រុមការងារ និងសង្គមទាំងមូល និង ទី២៖ អ្នកដឹកនាំជាអ្នកសម្រេចចិត្ត និងជាអ្នកគូរផ្លូវសមស្រប ដើម្បីសម្រេចគោលដៅរួមនោះ»។

លោកសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានរំលឹកឡើងវិញ អំពីខ្លឹមសារសំខាន់ៗនៃបដិសំយោគរូបធាតុ រួមមាន សម្ព័ន្ធភាពជាសកល និងការវិវត្តនៃវិចារវិជ្ជា សម្ភារៈនិយម ដែលគោលគំនិតនេះមានភាពចាំបាច់សម្រាប់ការសិក្សាបន្ថែមក្នុងទ្រឹស្តីទស្សនវិជ្ជា សម្រាប់ការអភិវឌ្ឍនៃការពិចារណារបស់មនុស្ស។

ដោយមានការអនុញ្ញាតពី លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញចែករំលែកពីអំពី សមិទ្ធផលការងាររបស់មន្ទីរពេទ្យបង្អែកអូរាំងឪ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ផងដែរ៕