2025-06-26 10:08
11

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្តៃ លោក ទូច សុឃៈ បានអះអាងនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះថា៖ «មន្ត្រីនគរបាលអន្តោប្រវេសន៍តាមច្រកទាំងអស់នឹងបើកទ្វារទទួលស្វាគមន៍ពលករខ្មែរយ៉ាងកក់ក្ដៅ មិនដូចសមត្ថកិច្ចថៃរារាំងពលរដ្ឋខ្មែរមិនឱ្យមកកាន់របងទ្វារច្រកកម្ពុជា ដោយយកលេសថាកម្ពុជាមិនបើកទ្វារច្រកនោះទេ»។

លោក ទូច សុឃៈ បានលើកឡើងថា៖ «នៅប៉ុន្មានថ្ងៃចុងក្រោយនេះសមត្ថកិច្ចថៃបានហាមឃាត់ពលករខ្មែរមិនឱ្យឆ្លងកាត់ចូលមកកម្ពុជាវិញកើតមានជាបណ្តើរៗហើយ។ រីឯសមត្ថកិច្ចកម្ពុជាដែលឈរជើងនៅតំបន់ព្រំដែនតែងតែសម្របសម្រួលជាប្រចាំតាមភាពជាក់ស្តែងជាមួយភាគីថៃ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរជាពលករអាចឆ្លងកាត់ចូលមកកម្ពុជា»។

អ្នកនាំពាំក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ «ភាគីថៃបានប្រើប្រាស់ល្បិចកលគ្រប់បែបយ៉ាង ទី១៖ ធ្វើជាបើក ទ្វាព្រំដែនចំហ ប៉ុន្តែមិនឱ្យពលរដ្ឋឆ្លងកាត់ ដើម្បីឱ្យអន្តរជាតិយល់ច្រឡំមកលើកម្ពុជា និងទី២៖ ដើម្បីឱ្យពលករខ្មែរផ្ទុះកំហឹងខឹងសម្បាសមត្ថកិច្ចកម្ពុជា ដោយទម្លាក់ហុសថាកម្ពុជាជាអ្នកអត់បើកទ្វាព្រំដែននេះជាចេតនារបស់ថៃ។ បើគ្រាន់អនុញ្ញាតឱ្យពលរដ្ឋកម្ពុជាដើរមកដល់របងច្រទ្វាព្រំដែនកម្ពុជា គឺជាការស្រេច»។  

មន្ត្រីអ្នកនាំពាក្យបានបន្ថែមថា៖ «នេះជាល្បិចរបស់ភាគីថៃ ដើម្បីគៀងឱ្យកម្ពុជាចូលតុចរចា ដើម្បីបើកព្រំដែនវិញ រហូតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន បានទូរសព្ទមកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពជា សុំឱ្យមន្ត្រីថ្នាក់ក្រោមចរចាគ្នាបើកច្រកព្រំដែនឡើងវិញ ដើម្បីជាការលើកមុខលើកមាត់ដែលខ្លួនបិទជាឯកតោភាគី»។

លោក ទូច សុឃៈ បានបញ្ជាក់ថា៖ «កន្លងមកសម្តេចតេជោ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ ឱ្យវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចៀងវាងការប្រមាថមើលងាយ រើងអើង ឬរហូតមានការធ្វើបាបដោយអំពើណាមួយមិនគម្បីជាដើម និងបានប្រកាសអំពីការជាច្រើននៅកម្ពុជាផងដែរ»។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់បន្ថែមថា៖ «សូមបងប្អូនប្រជាពលរដ្ឋពលករខ្មែរកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ សូមកុំមានការយល់ច្រឡំមកលើថ្នាក់ដឹករាជរដ្ឋាភិបាលកម្ពុជា ព្រោះថ្នាក់ដឹកនាំកម្ពុជាគ្រប់លំដាប់ថ្នាក់រងចាំទទួលបងប្អូនត្រឡប់មកស្រុកកំណើតវិញ ដោយក្តីរីករាយ និងកក់ក្តៅបំផុត គឺសម្របសម្រួលបើកច្រកព្រំដែនឱ្យតែភាគីថៃ ឱ្យបងប្អូនដើរមកដល់របងទ្វាព្រដែនកម្ពុជា យើងមណ្ឌលសំចសម្រាប់បងប្អូន មានរថយន្តដើម្បីដឹកជញ្ជូនទៅកាន់ស្រុកកំណើត ដែលនេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ»៕