2025-06-27 10:14
6

ខេត្តព្រះវិហារ ៖ មន្ត្រីបង្ក្រាបបានដូងក្រអូបរាប់ពាន់ផ្លែ គេចពន្ធពីថៃឆ្លងកាត់ព្រំដែនឡាវ ចូលមកខេត្តព្រះវិហារ តែត្រូវចាប់បាន ។ នេះបើយោងតាម មន្ទីរព័ត៌មាន ខេត្តព្រះវិហារបានផ្សាយនាថ្ងៃទី២៦ ខែមិថុនានេះ ។ 

មន្ទីរព័ត៌មាន ខេត្តព្រះវិហារ បានបន្តថា កម្លាំងចម្រុះប្រឆាំងបទល្មើសរត់ពន្ធ រួមមានមន្ត្រីគយខេត្តព្រះវិហារ សហការជាមួយមន្ត្រីគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបបទល្មើសរត់ពន្ធតំបន់៥ សាខាគយ និងរដ្ឋាករខេត្តកំពង់ធំ រួមទាំងកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស នាំចូលទំនិញគេចពន្ធ បានដោយជោគជ័យ នៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

ប្រតិបត្តិការនេះបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដោយកម្លាំងចម្រុះបានឃាត់រថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2243 ។ តាមរយៈការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារបានរកឃើញទំនិញគេចពន្ធដូចខាងក្រោម ៖ ផ្លែដូងក្រអូប: ចំនួន២,៨៥០ផ្លែ ស្មើនឹងប្រមាណ១,៥០០គីឡូក្រាម។ ទឹកដូងច្រកដប: ចំនួន២៨០ដប ស្មើនឹងប្រមាណ ៤២០លីត្រ ។ សាច់ដូង: ចំនួន២៤គីឡូក្រាម ។

ក្រោយការសាកសួរ និងស្រាវជ្រាវយ៉ាងលម្អិតពីមន្ត្រីគយបានរកឃើញថា ដូងក្រអូបទាំងអស់នេះ ត្រូវបានលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលមកកម្ពុជាតាមទូក ដោយឆ្លងកាត់កំពង់ចម្លងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយគ្មានឯកសារបង់ពន្ធនាំចូលត្រឹមត្រូវ ដែលជាបទល្មើសគេចពន្ធទាំងស្រុង ។

រថយន្ត និងវត្ថុតាងដែលចាប់បានទាំងអស់ ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាស្រុកឆែប ដើម្បីធ្វើកំណត់ហេតុល្មើស និងបន្តនីតិវិធីស្របតាមច្បាប់គយជាធរមាន ៕