2025-07-03 11:39
9

កំពង់ធំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា៖ «ការដឹកនាំប្រទេសឱ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំនយោបាយ ក្នុងប្រទេសនីមួយៗ មិនងាយស្រួលទេ មានការលំបាកខ្លាំងណាស់ ធ្វើឲ្យប្រទេសមានសង្គ្រាម គ្មានលំនឹងសេដ្ឋកិច្ច និងប្រទេសខ្លះទៀត ផ្លាស់ប្តូរអ្នកដឹកនាំមិនបាន៣ឆ្នាំផង ដូររដ្ឋភិបាលបួនប្រាំ […] ធ្វើឱ្យប្រទេសជាតិគ្មានលំនឹងនោះទេ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ដើម្បីឱ្យប្រទេសជាតិមានលំនឹង និងការអភិវឌ្ឍន៍រីកចំរើនទៅបាន លុះត្រាតែមានសុខសន្តិភាព ស្ថេរភាពនយោបាយ លំនឹងសេដ្ឋកិច្ច លំនឹងនយោបាយ ជាកក្តាសំខាន់បំផុត។ រហូតមកដល់ម៉ោងនេះគ្មានគណបក្សណាដែលអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជននោះបានទេ។ សូមបងប្អូនប្រជាពលរដ្ឋទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោប្រធានគណបក្សគ្មានការរើសអើងនិន្នាការនោះទេ ដែលជាមូលដ្ឋានដ៏រឹងមាំ ច្បាស់លាស់ និងយូអង្វែងជាលំនឹងសម្រាប់ប្រជាពលដ្ឋកម្ពុជា»។ 

នេះជាការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ខេត្តកំពង់ធំ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតមិនមែនជាការចៃដន្ននោះទេ គឺដោយសារកក្តាធំៗ ចំនួន ៣ រួមមាន៖ ទី១- ការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត, ទី២- នយោបាយ “ឈ្នះ-ឈ្នះ” របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ធ្វើឱ្យខ្មែរមានការបង្រួបបង្រួមជាតិ ឯកភាពទឹកដីតែមួយ កងទ័ពតែមួយ និង ទី៣- ការសង្គ្រោះប្រជាពលរដ្ឋឲ្យឆ្លងផុតពីជំងឺកូវីដ-១៩ ដោយគ្មានការរើសអើងប្រកាន់និន្នាការនយោបាយនោះទេ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ «ដោយសារប្រជាពលរដ្ឋមើលឃើញជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនបែបនេះ»៕