2025-07-06 11:33
9

HUNT, Texas, ថ្ងៃទី ៥ ខែកក្កដា (Reuters)៖ យ៉ាងហោចណាស់មនុស្ស ៤៣ នាក់រួមទាំងកុមារ ១៥ នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់បន្ទាប់ពីគ្រោះទឹកជំនន់ បានកើតមាននៅកណ្តាលរដ្ឋតិចសាស់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងបន្តការស្វែងរកអ្នកបាត់ខ្លួនជាច្រើននាក់ទៀតក្នុងគ្រោះទឹកជំនន់នេះ។

យោងតាមស្ថាប័នព័ត៌មានមួយចំនួនបានរាយការណ៍ថា ចំនួនអ្នកស្លាប់មានរហូតដល់ទៅ ៥២ នាក់ហើយ ខណៈដែល Reuters នៅមិនទាន់អាចបញ្ជាក់បានពីចំនួនដែលបានរាយការណ៍ខាងលើនៅឡើយនោះទេ។ 

បន្ថែមពីនោះ ក្រុមមន្ត្រីបាននិយាយថា មនុស្សជាង ៨៥០ នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីមានព្យុះមួយ បានទម្លាក់ភ្លៀងរហូតដល់ ១៥ អ៊ីញ (៣៨ សង់ទីម៉ែត្រ) នៅក្នុងតំបន់ជុំវិញទន្លេ Guadalupe ដែលមានចម្ងាយប្រហែល ៨៥ ម៉ាយ (១៤០ គីឡូម៉ែត្រ) ភាគពាយព្យនៃទីក្រុង San Antonio ៕