
ភ្នំពេញ៖ ធនាគារ ARDB និងធនាគារ FTB រួមគ្នាជាមួយក្រសួងកសិកម្ម ដើម្បីត្រៀមកញ្ចប់ថវិកាពិសេសសម្រាប់ផ្តល់កម្ចីឥណទានការប្រាក់ទាប ជូនដល់ «សហគមន៍កសិកម្មទំនើប» ដោយមានការធានាឥណទានពី CGCC ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។
កិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡើងតាមរយៈអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចម្សិលមិញ ដែលនឹងជួយបង្កើនល្បឿនដល់ការពង្រីកវិសាលភាព នៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងបើកផ្លូវឱ្យសហគមន៍កសិកម្មទំនើបអាចមានទុនគ្រប់គ្រាន់ក្នុងការគាំទ្រដល់ប្រតិបត្តិការរបស់ខ្លួនបានពេញលេញ។
នៅចំពោះមុខអង្គពិធី លោករដ្ឋមន្ដ្រីបានលើកឡើងថា នេះជាសមិទ្ធផលថ្មីនៃការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម សហការជាមួយដៃគូសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ធានាឱ្យបាននូវសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។
លោកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ថា៖ «សហគមន៍កសិកម្មទំនើប គឺជាដំណោះស្រាយមួយដ៏ល្អជួយដល់ប្រជាកសិករទទួលបានទុនកម្ចីសម្រាប់ផលិតកម្មចំគោលដៅ ធានាបាននូវការផ្គត់ផ្គង់ទាំងគុណភាព និងបរិមាណ ទទួលបានការគាំទ្រជាច្រើនពីក្រសួង កាត់បន្ថយថ្លៃដើមផលិត មានហានិភ័យទាបពីកត្តាទីផ្សារ និងកត្តាអាកាសធាតុ និងមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានផលចំនេញ និងសេដ្ឋកិច្ចមាត្រដ្ឋាន»។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ដៃគូទាំងអស់ និងបានសង្កត់ធ្ងន់ថា «នេះជាឆន្ទៈមួយដ៏ធំជួយដល់វិស័យកសិកម្មកម្ពុជា ស្តែងចេញជាការកសាងទំនុកចិត្តជាមួយគ្នា បង្កើនល្បឿននៃការអនុវត្តន៍ គិតគូរបែបបុរេសកម្ម ដើម្បីសម្រេចនូវលទ្ធផលល្អឱ្យទទួលបានជោគជ័យទាំងអស់គ្នា និងតម្កល់ផលប្រយោជន៍ជាតិជាធំ»។
តាមផែនការគ្រោងទុក ក្រសួងកសិកម្មត្រូវការទុនក្រោមរូបភាពជាកម្ចីការប្រាក់ទាបយ៉ាងហោចណាស់ ៥០ លានដុល្លារ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់កម្មវិធីគោលនយោបាយអាទិភាព នៃសហគមន៍កសិកម្មទំនើប ហើយរហូតមកដល់ពេលនេះ មានធនាគារដៃគូ ចំនួន ៣ រួចហើយ ដែលកំពុងគាំទ្រដល់សហគមន៍កសិកម្មទំនើបរបស់យើង ស្របពេលដែលធនាគារឯកជន ចំនួន ២ ផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំគាំទ្របន្ថែមទៀតផងដែរ៕

