2025-07-17 15:42
17

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្ត១គ្រឿងម៉ាកឡិចសុិសRX-300 បុកម៉ូតូ១គ្រឿងរួចកិនអូសជិត៥០ម៉ូត្រ បណ្ដាលឲ្យអ្នកជិះម៉ូតូប្ដីស្លាប់ប្រពន្ធរងរបួសបាក់ភ្លៅ ចំណែកជនជាតិចិនរូបនោះត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗផងដែរ ។ 

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រឺងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះនៅក្នុងហេតុការណ៍នេះប្ដីឈ្មោះបុរី រាជ អាយុ២៩ឆ្នាំ មុខរបរអាចារ្យវត្ត និងប្រពន្ធឈ្មោះលួន ស្រីមុំ អាយុ២៩ឆ្នាំ  មុខរបរកសិករ មានទីលំនៅភូមិ នមោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ចំណែករថយន្តម៉សកឡិចស៊ីសRX300 ពណ៍ស ពាក់ស្លាកលេខ តាកែវ2C-6968 បើកបរ ដោយឈ្មោះXU QINLEI ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិចិន កាន់លិខិតឆ្លងដែនលេខE83371642(នគរបាលឃាត់ខ្លួន)។

សមត្ថកិច្ចបានប្រាប់ទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធនេះបានត្រឡប់មកពីធ្វើប្លង់ដីនៅឯភ្នំប្រសិទ្ធទៅផ្ទះនៅឯខេត្តតាកែវវិញ ដោយបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HZ-1836 ។ ពួកគាត់ឌុបគ្នាធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុបានគេចម៉ូតូដឹកបន្លែនៅខាងមុខ ។ ស្របពេលនោះរថយន្តឡិចសុិសRX300 បើកបរស្របគ្នាមកដល់បុកពីក្រោយពេញទំហឹងនិងកិនអូសជិត៥០ម៉ែត្រ បណ្ដាលឲ្យ ប្ដីស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកប្រពន្ធរបួសធ្ងន់បាក់ភ្លៅ ។

ប្រភពដដែលបានឲ្យដឹងបន្តថា ក្រោយពេលកើតហេតុជនរងគ្រោះជាប្រពន្ធដែលរងរបួសបាក់ភ្លៅនោះ ត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១ដឹកយកកាន់មន្ទីរពេទ្យព្រះកុសុមៈ ហើយសាកសពប្ដីត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅធ្វើការឃាត់ខ្លួនបុរសជនជាតិចិនដែលជាអ្នកបើករថយន្តបង្កនោះនាំទៅសាកសួរ រួចរាយការណ៍ទៅនគរបាលករិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅវាស់វែង និងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕