2025-07-19 11:28
12

ពោធិ៍សាត់៖  ចាប់តាំងពីទទួលបានបទបញ្ជលេខ ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចាប់ពីថ្ងៃទី១៤  ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់  បានធ្វើការឃាត់ខ្លួន និងសង្គ្រោះជនបរទេស សរុបចំនួន១០២នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួន៩៨នាក់  និងជនជាតិចិនចំនួន៣នាក់  ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ និងស្នេីសុំកិច្ចសហការទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចំណាត់ការចំពោះជនបរទេសស្នាក់នៅខុសច្បាប់ទាំង១០២នាក់នេះ ។

ឯកឧត្ដម ខូយ រីដា អភិបាលខេត្ត  បានបញ្ជាក់ថាគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់បាននឹងកំពុងអនុវត្តន៍នូវបទបញ្ជា ០១បប នេះ យ៉ាងម៉ឺងម៉ាត និងប្តេជ្ញាធ្វើការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) មិនឲ្យមានក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។ ឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្តកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ បន្តខិតខំបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ៕ លាន គ្រន