
ព្រះសីហនុ៖ បុគ្គលិកសន្តិសុខឯកជន និងតៃកុងរថយន្ត សរុបចំនួន ០៩ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី បង្ខាំងមនុស្សដោយខុសច្បាប់ និងអំពើលក់-ដូរមនុស្ស។
ជនសង្ស័យទាំង៩នាក់ រួមមាន៖ ទី១/ ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ។ ២/ ឈ្មោះ វ៉ាន់ ដំ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្ដិសុខ។ ៣/ ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្ដិសុខ (មានផ្ទុកសារធាតុញៀន)។ ៤/ ឈ្មោះ កង ភារិន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ (មានផ្ទុកសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារ រយ:ពេល០៧ខែ ពីបទគ្រឿងញៀន)។ ៥/ ឈ្មោះ សុខ ហុងលី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ (មានផ្ទុកសារធាតុញៀន)។ ៦/ ឈ្មោះ នួន ធា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ (មានផ្ទុកសារធាតុញៀន)។ ៧/ ឈ្មោះ ចេង វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ។ ៨/ ឈ្មោះ វ៉ាត់ អាវ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ និង ទី៩/ឈ្មោះ សំ វិចិត្រ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង ០៩នាក់ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង ១៤និង០០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០៩នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, អំពើលក់ដូរមនុស្ស, ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (ពាក់អាវយឺតពណ៌ត្រេអ៉ីបំពាក់សញ្ញា អ.ហ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០១និង១០នាទីរំលងអាធ្រាត្រ នៅចំណុច ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានជួបជនសង្ស័យម្នាក់ នៅចំណុច ហាងលក់បាយមួយកន្លែងក្នុងក្រុងព្រះសីហនុ មានសម្លៀកបំពាក់អាវយឺតពណ៌ត្រេអ៉ី បំពាក់ស្លាកឡូហ្គោ អ.ហ និងខោពណ៌ត្រេអ៉ី ដោយស្ពាយកាបូបពណ៌ខ្មៅជាប់ខ្លួន ស្របពេលនោះដែរ កម្លាំងជំនាញក៏ធ្វើការសួរនាំ និងមានការសង្ស័យ បាននាំខ្លួនមកកាន់ការិយាល័យជំនាញបន្តនិតីវិធី ហើយជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា «ខ្លួនមិនមែនជាមន្រ្តីកងរាជអាវុធហត្ថនោះទេ»។
លុះនៅវេលាម៉ោង ០៩និង៤៥នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដព្រះសីហនុ ដឹកនាំកម្លាំងមន្ទីរជំនាញ ចំនួន ១៥នាក់ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញប្រតិបត្តិការចុះឆែកឆេរផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ និងស្រាវជ្រាវមុខសញ្ញា (បក្សពួក) ជាបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់បន្ថែមទៀត នៅចំណុច ច្រក-ចេញចូល ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហន គីឡូម៉ែត្រលេខ១៧២ បញ្ជរបង់ប្រាក់ ស្រុកស្ទឹងហាវ ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ តំណាងអយ្យការកំពុងធ្វើការសាកសួរតាមនិតិវិធី ដើម្បីមានចំណាត់បន្ត៕


