2025-07-19 16:35
11

ភ្នំពេញ៖ អគ្គនាយក «ស៊ីម៉ាក់» លោក ហេង រតនា នារសៀលថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថា «ករណីទាហានថៃផ្ទុះមីនដាច់ជើងម្ខាងម្នាក់ និងរបួស២នាក់ ចង់ប្តឹងកម្ពុជាទៅ UN ពិតជាល្អហើយ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅ ICJ តែម្តង»។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា «ស៊ីម៉ាក់» បានលើកឡើងថា៖ ក្រោយមានទាហានសៀមជាន់គ្រាប់មីនដោយមានម្នាក់ដាច់ជើងម្ខាង និងរបួសស្រាល ចំនួន ០២នាក់ (តាមរយៈសារព័ត៌មាន) ចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា រឿងគ្រាប់មីនចាស់ និងគ្រាប់មីនដាក់ថ្មី!។

អគ្គនាយក «ស៊ីម៉ាក់» បានបន្ថែមទៀតថា៖ រដ្ឋមន្ត្រីការពារជាតិសៀមស្តីទី ស្នើសុំឱ្យកម្ពុជា ដោះគ្រាប់មីនចាស់ៗចេញ មេទ័ពជួរមុខសៀម ថាគ្រាប់មីនសល់ពីសង្គ្រាម ក្រុមអង្គការដោះមីន និងក្រសួងការបរទេសសៀម ថាគ្រាប់មីនដាក់ថ្មី និងប្រុងប្រៀបប្តឹងកម្ពុជាទៅUN! ជាដើម.....។ ពិតជាច្របូកច្របល់មែន!! 

លោក ហេង រតនា បានបន្ថែមថា៖ មានអ្នកតាមសួរមតិយោបល់ខ្ញុំលើបញ្ហានេះ ខ្ញុំថាសូមពិនិត្យមើលទិដ្ឋភាពច្បាប់នៃអនុសញ្ញាមីនអន្តរជាតិនេះ ត្រង់មាត្រាទី ៥ មានចែងច្បាស់ថា «បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ»។

ជាក់ស្តែងឃើញមានរូបភាពតាមប្រពន្ធ័សង្គមជាច្រើននៅស្រុកសៀម បានធ្វើការផ្សព្វផ្សាយរូបភាពសកម្មភាពទាហ៊ានសៀមសម្រុកដាក់គ្រាប់មីនថ្មីៗ តាមព្រំដែនខ្មែរ-សៀម តើរដ្ឋបាលសៀម និងអង្គការដោះមីននៅសៀមមានចាត់វិធានការស៊ើបអង្កេតឬនៅ និងបានប្តឹងទៅថ្នាក់ដឹកនាំប្រទេសសៀមឱ្យចាត់វិធានការទប់ស្កាត់ឬនៅ? នេះគឺជាសំណួររបស់លោក ហេង រតនា សួរទៅសមភាគីថៃ។

អគ្គនាយក «ស៊ីម៉ាក់» បានបញ្ជាក់ថា៖ «រឿងនេះករណីចង់ប្តឹងកម្ពុជាទៅ UN ពិតជាល្អហើយ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅ ICJ តែម្តង ព្រោះថា ICJ ជាតុលាការរបស់UNនេះស្រាប់!»៕