2025-07-20 13:13
10

ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញការហួសចិត្តនឹងអ្នកផលិតមាតិកាតាមអនឡាញ (MMO) មានឈ្មោះ Sitha Lok ដែលខ្វះក្រមសីលធម៌ និងបង្កផលប៉ះពាល់ដល់សង្គម ព្រោះតែចង់បានល្បី ចង់បាន Like, Share, Comment ហ៊ានយករូបភាពវីដេអូនៃការជីកកាយដីជាប់ផ្លូវ ដែលមានប្រភពដើមពីប្រទេសថៃ មកបញ្ជូលសំលេងជាភាសាខ្មែរ បង្ករឱ្យមានការភណ្ឌច្រឡំ និងស្តីបន្ទោសមកលើអាជ្ញាធរកម្ពុជា។

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបញ្ជាក់ឱ្យដឹងថា« វីដេអូនេះត្រូវបានផ្សព្វផ្សាយតៗគ្នាដោយគ្មានប្រភព ហើយមតិយោបល់សាធារណជនភាគច្រើន បានបាញ់ឆ្ពោះមកកាន់អាជ្ញាធរកម្ពុជា និងអង្គភាពធ្វើផ្លូវ។ 

យើងពិតជាសោកស្តាយចំពោះសកម្មភាពដោយគ្រាន់តែចង់បាន Like, Share, Comment ធ្វើឲ្យគេរិះគន់ជេរ បញ្ចោ ដាក់បន្ទុក មកកាន់អាជ្ញាធរយ៉ាងចាស់ដៃ»។

លោក ផន រឹម បានបន្ថែមទៀតថា វីដេអូនេះ មានប្រភពដើមពីប្រទេសថៃ និងត្រូវបានក្រុម MMO ថៃ យកទៅបង្ហោះលើបណ្តាញសង្គម ហើយក៏ត្រូវបានក្រុម MMO យកមកកាត់ត បញ្ជូលសំលេង និងចែកចាយបន្ត បង្ករឱ្យមានការភណ្ឌច្រលំ។

អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ បានបញ្ជាក់ទៀតថា ករណីនេះមិនទាន់មានការឆ្លើយតបពីអ្នកផ្សព្វផ្សាយវីដេអូនេះនៅឡើយទេ តែតាម Comment ភាគច្រើនបញ្ជាក់ថា រូបភាពនេះនៅក្នុងប្រទេសថៃ មិនមែននៅកម្ពុជាទេ៕