
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានរំលឹកឡើងវិញ នូវបំណងប្រាថ្នារបស់លោកប្រធានាធិបតី Trump សម្រាបសន្តិភាព និងសារៈសំខាន់នៃបទឈប់បាញជាបន្ទាន់។ ប្រមុខការទូតសហរដ្ឋអាមេរិក បានបញ្ជាក់ថា៖ «អាមេរិបានត្រៀមខ្លួន ដើម្បីសម្របសម្រួលការពិភាក្សានាពេលខាងមុខ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពរវាងប្រទេសថៃ និងកម្ពុជា»។
សូមរំឭកថា កាលពីយប់ថ្ងៃទី២៦ ខែកក្កដា កន្លងមកនេះ តាមរយៈកិច្ចសន្ទានតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជំហរច្បាស់លាស់ថា កម្ពុជាឯកភាព និងទទួលយកសំណើររបស់ប្រធានាធិបតីអាមេរិឱ្យមានបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងយោធានៃប្រទេសទាំងពីរ។
ក្នុងកិច្ចសន្ទនាដាច់ដោយឡែក រវាងលោក Trump ប្រធានាធិបតីអាមេរិកជាមួយនាយករដ្ឋមន្រ្តីស្ដីទីថៃ លោក ភូមថាំ វីឆាយ៉ាឆៃ លោក Donald Trump បានបញ្ជាក់ថាជំហររបស់នាយករដ្ឋមន្ត្រីស្តីទីថៃ ក៏យល់ព្រមតាមសំណើរឱ្យមានបទឈប់បាញ់បន្ទាន់ដែរ។
ប៉ុន្តែស្រាប់តែនៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីស្តីទីថៃ បានប្រែក្រឡបាតដៃជាខ្នងដៃ ច្រានចោល និងបដិសេធមិនអនុវត្តបទឈប់បាញ់បន្ទាន់ ហើយមិនចង់ឱ្យមានអ្នកទី៣ចូលលូកដៃក្នុងការសម្របសម្រួលដោះជម្លោះព្រំដែនកម្ពុជា-ថៃនោះទេ គឺថៃចង់មានចរចរជាទ្វេភាគីជាមួយកម្ពុជាផ្ទាល់ ថែមទាំងបានពង្រីកការវាយប្រហារមកលើកម្ពុជាយ៉ាងសន្ធាប់ទាំងការផ្លោងកាំភ្លើងធ្ងន់ធ្ងរ់ពីចំងាយ វាយប្រហារអាកាសដោយមានប្រើដ្រូនពិឃាត និងយន្តហោះទម្លាក់គ្រាប់បែក រួមទាំងថ្មើជើងផងដែរ ចូលឈ្លានពានតំបន់ជាច្រើនក្នុងអធិបតេយ្យភាពរបស់កម្ពុជា។
សូមបញ្ជាក់ថា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន កាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅបានធ្វើការសម្របសម្រួល ដើម្បីភាគីទាំងកាត់បន្ថយភាពតានតឹងដាក់គ្នា និងស្វែងរកបទឈប់បាញ់ និងបានឯកភាពត្រឹមត្រូវ ប៉ុន្តែចុងក្រោយនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមថាំ វីឆាយ៉ាឆៃ បានផ្លាស់ប្តូរជំហរភ្លាមៗ៕