
នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានប្រកាសបើកជាផ្លូវការនូវគម្រោង «លើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការអនុវត្ត និងប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ក្រោមជំនួយឧបត្ថម្ភពីមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong Cooperation Special Fund)។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានប្រសិទ្ធនាមកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ប្រៀបដូចជា «ផ្កាអ័រគីដេ ដែលមានភាពស្រស់ស្អាតយូរអង្វែង»។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងនេះមានគោលបំណងសំខាន់ៗដូចជា ការជំរុញការសិក្សាស្រាវជ្រាវ និងអភិរក្សប្រភេទកេសរកូលព្រៃ ការបណ្ដុះបណ្ដាល និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការអភិរក្សធម្មជាតិ។ លើសពីនេះ គម្រោងក៏នឹងបង្កើតឱកាសការងារបន្ថែមដល់សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍអេកូទេសចរណ៍។
ឆ្លើយតបទៅនឹងការគាំទ្រនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ជាពិសេសក្រសួងអេកូឡូស៊ី និងបរិស្ថានចិន និងមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចំពោះការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការងារអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិកន្លងមកនៅកម្ពុជា និងគាំទ្រលើគម្រោងដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ស្ថាប័នជាតិ-អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រ និងធ្វើឱ្យប្រសើរឡើងនូវការសិក្សាស្រាវជ្រាវ ការចងក្រងទិន្នន័យ និងការអភិរក្សពូជកេសរកូលព្រៃ ព្រមទាំងដំណើរការរបស់មជ្ឈមណ្ឌលកន្លងមករហូតដល់បច្ចុប្បន្ននេះ។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថាគម្រោងទាំងមូលនឹងទទួលបានជោគជ័យជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏កាន់តែជិតស្និទ្ធ និងរឹងមាំដើម្បីបន្តរក្សានូវប្រភេទពូជកេសរកូលព្រៃដ៏សម្បូរបែបរបស់កម្ពុជាឱ្យនៅគង់វង្ស។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ រួមទាំងមិត្តចិន ដែលបានជួយសម្របសម្រួលធ្វើឱ្យស្ថានភាពជម្លោះនៅព្រំដែនខ្មែរ-ថៃមានភាពធូរស្រាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក្ដី មិត្តអន្តរជាតិទាំងអស់នៅតែបន្តគាំទ្រកម្ពុជា ឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធី និងអនុលោមតាមក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ក្រសួងបរិស្ថានកំពុងអនុវត្តយ៉ាងសកម្មនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ដោយផ្តោតលើគោលដៅ «ភាពស្អាត ភាពបៃតង និងចីរភាព» ដើម្បីគាំទ្រដល់ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ យុទ្ធសាស្ត្រនេះមានគោលបំណងធានានូវចីរភាពបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចបាននូវប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕



