2025-08-02 14:09
8

ថៃ៖  ការសែតថៃ  Khaosod បានផ្សាយនៅថ្ងៃទី០២ សីហា ២០២៥ នេះថា៖ អ្នកនាំពាក្យកងភូមិន្ទថៃលោក Winthai Suvari  បានប្រកាសថា នឹងអញ្ចើញអង្គការអន្តរជាតិដូចជា UNHCR និង ICRC ស៊ើបអង្កេតសុខុមាលភាពរបស់ទាហានកម្ពុជាទាំង ១៨នាក់ ដែលខ្លួនបានចាប់ខ្លួនទៅ។ លោកបញ្ជាក់ថា កម្ពុជាកំពុងបំភ្លៃការពិតក្នុងបំណងបំបាក់មុខភាគីថៃ។  អ្នកនាំពាក្យកងទ័ពថៃលោក Winthai Suvari បានបន្តលើកឡើងអំពីការចាប់ខ្លួន និងឃុំខ្លួនរបស់ទាហានកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់។ លោកបានបន្តថា វាអយុត្តិធម៌ដែលកម្ពុជា ចោទប្រកានថៃ វាយធ្វើទារុណកម្មទាហានកម្ពុជា មុននឹងបញ្ជូនមកវិញ។

អ្នកនាំពាក្យកងទ័ពថៃ បានបន្តថា ទោះបីជាបទឈប់បាញ់ក៏ពិតមែន ប៉ុន្តែជម្លោះប្រដាប់អាវុធមិនទាន់បញ្ចប់ទេ។ យោងតាមច្បាប់អន្តរជាតិ នីតិវិធីយោធាសម្រាប់ការឃុំខ្លួនបណ្តោះអាសន្ននៅតែអាចអនុវត្តបាន ស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ 

លោកថា ថៃ មានផែនការ និងត្រៀមខ្លួនជាស្រេចក្នុងការអញ្ជើញអង្គការអន្តរជាតិ ដូចជា ICRC មកពិនិត្យសុខុមាលភាពរបស់ទាហានកម្ពូជាដែលកំពុងជាប់ឃុំ។ 

នេះគឺជាការអនុលោមពេញលេញជាមួយអនុសញ្ញាទីក្រុងហ្សឺណែវ។ ប្រសិនបើមានការព្រួយបារម្ភអំពីសុខុមាលភាពរបស់ទាហានកម្ពុជា ។

អ្នកនាំពាក្យកងទ័ពថៃ បានលើកឡើងដោយចោទប្រកាន់ថាកម្ពុជា បំភ្លៃព័ត៌មានដើម្បីបង្ខូចកិត្តិយសយោធាថៃ។

សូមរំលឹកដែលថា កាលថ្ងៃទី២៩ កក្កដា ២០២៥ ទាហានថៃបានបន្តបើកការបាញ់ប្រហារមកលើទាហានកម្ពុជា ដោយបំពានបទឈប់បាញ់ ។ 

បន្ទាប់មកទាហានថៃបានប្រើកលល្បិចបក់ដៃហៅទាហានកម្ពុជា ឲ្យត្រឡប់ក្រោយនិងសុំចាប់ដៃ ដើម្បីស្វាគមន៍គ្នា និងសុំថតរូប ក្រោយមកថៃចាប់ផ្ដើមហ៊ុព័ទប្រដាប់អាវុធ ចាប់ខ្លួនទាហានកម្ពុជាតែម្ដង សកម្មភាពធ្វើឡើងក្រោយពីបទឈប់បាញ់ចូលជាធរមាន កាលពីវេលាម៉ោង ២៤:០០នាទីយប់ថ្ងៃទី២៨ កក្កដា ២០២៥ ធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ដែរថា  អនុសញ្ញាទីក្រុងហ្សឺណែវទី៣ (Geneva Convention III), មាត្រា ១១៨៖ អនុសញ្ញានេះគ្រប់គ្រងលើការប្រព្រឹត្តចំពោះឈ្លើយសឹក។ 

មាត្រា ១១៨ ចែងថា ឈ្លើយសឹកត្រូវតែត្រូវបានដោះលែង និងបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ ដោយគ្មានការពន្យារពេល បន្ទាប់ពីការប្រយុទ្ធប្រដាប់អាវុធបានបញ្ចប់។ នេះជាកាតព្វកិច្ចដែលភាគីសង្រ្គាមត្រូវតែគោរព៕