
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ លោក គីម រិទ្ធី អភិបាលខេត្ត បានរៀបចំព្រឹត្តិការណ៍ «ដើរដើម្បីសន្តិភាព» នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងឃុំគូលែនត្បូង ស្រុកគូលែន ដើម្បីឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ និងក្ដីសង្ឃឹមចំពោះការទាមទាររកសន្ដិភាពពិតប្រាកដ ទៅកាន់ពិភពលោកឱ្យបានដឹង ក្រោយកម្ពុជារងការឈ្លានពានពីសំណាក់កងទ័ពសៀម។
ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃប្រមាណ ៥០០ អង្គ និងបងប្អូនជនភៀសខ្លួនរាប់ពាន់នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ គឺមួយខែគត់ នៃការចាប់ផ្តើមការផ្ទុះអាវុធនៅតាមព្រំដែន កម្ពុជា-ថៃ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពអង់អាច និងពោរពេញដោយសមត្ថភាពរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះភាពតានតឹង រួមមានយន្តការច្បាប់អន្តរជាតិ និងការទូត រហូតសម្រេចបានបទឈប់បាញ់។
ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញអំពីស្មារតីសាមគ្គីភាពគ្នាជាធ្លុងមួយ ជឿជាក់ទុកចិត្ត និងគាំទ្រដល់រាល់វិធានការរបស់រាជរដ្ឋាភិបាល កងកម្លាំងរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយចូលរួមរក្សាភាពចាស់ទុំ និងអត់ធ្មត់ សំដៅនាំយកសន្តិភាពពេញលេញនៅតាមបន្ទាត់ព្រំដែន និងការវិលត្រលប់មករកស្ថានភាពប្រក្រតី ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនយើងទាំងពីរ៕


