2025-09-02 15:10
21

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបានចោទប្រកាន់ទាំងបំពានថា “សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ” តាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែមូលនិធិសន្តិសុខសង្គមថៃបដិសេធមិនព្រមលក់ឱ្យ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ គ្មានទំនាក់ទំនងអ្វីជាមួយជនជាតិអាហ្វ្រិកខាងត្បូង ដូចដែលបានលើកឡើងនោះឡើយ ហើយក៏មិនដែលបានទិញភាគហ៊ុនពីក្រុមហ៊ុនណាមួយពីប្រទេសថៃ ដូចបានលើកឡើងខាងលើនោះដែរ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ឃើញថា គណនីហ្វេសប៊ុកខាងលើនេះ តែងចុះផ្សាយរឿងមិនពិត ប្រឌិត បំផ្លើស បំភ្លៃ ឬចម្លងយកព័ត៌មានមិនពិតផ្សេងៗ ពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់យកមកចុះផ្សាយក្នុងចេតនាអាក្រក់ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារសម្តេច ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលផ្សេងៗទៀត តាមទម្លាប់ដែលបានធ្វើកន្លងមក ដើម្បីកាច់បំបាក់ប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំ ដែលទទួលបានការគោរពស្រឡាញ់ និងគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងបានផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ទៀតថា រាល់សកម្មភាពរបស់បុគ្គលរូបនេះ ដែលបានធ្វើកន្លងមក ជាពិសេសរយៈពេលចុងក្រោយនេះ គឺបានបង្ហាញច្បាស់ពីអំពើក្បត់ជាតិ និងមានចេតនាបំផ្លាញជាតិខ្លួនឯងយ៉ាងចំហរដែលធ្វើឱ្យមហាជនទាំងក្នុង និងក្រៅប្រទេសថ្កោលទោសយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក៏ដោយ ក៏បុគ្គលរូបនេះនៅតែបន្តភាពពិសពុលរបស់ខ្លួន សាមគ្គីភាពជាតិខ្មែរដោយមិនព្រមកែប្រែឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ថា «រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ជាពិសេស ឈរជារបាំងការពារយ៉ាងរឹងមាំ នៅពេលប្រទេសជាតិនិងប្រជាជនជួបការលំបាក»៕