2025-09-04 16:19
37

បន្ទាយមានជ័យ៖ គិតត្រឹមរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ការរុញច្រានគ្នារវាងពលរដ្ឋខ្មែរប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា បានកាត់បន្ថយភាពតានតឹងបន្តិច ប៉ុន្តែពលរដ្ឋខ្មែរ កំពុឋិតនៅទល់មុខគ្នាជាមួយទាហានថៃ នៅចម្ងាយប្រមាណ ២០ម៉ែត្រប៉ុណ្ណោះ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កងកម្លាំងទាហានថៃ បានព្យាយាមចូលមកឡោមព័ទ្ធយកដីចំការ និងលំនៅដ្ឋានរបស់ពលរដ្ឋខ្មែរ នៅភូមិជោគជ័យ ឃុំអូរបី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាំងព្រឹកថ្ងៃទី០៤ ខែកញ្ញានេះ បង្កឱ្យមានភាពតានតឹង និងប្រឈមមុខដាក់គ្នារវាងពលរដ្ឋខ្មែរ និងយោធាថៃឈ្លានពាន។ ខណៈភាពតានតឹងកើតឡើងកងកម្លាំងយោធាកម្ពុជា បាននៅជាប់ជាមួយប្រជាជន ដើម្បីជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបាតុភាពអ្វីកើតឡើង។

ការប្រឈមមុខដាក់គ្នានេះ ដោយសារតែទាហានថៃ បានព្យាយាមចូលមករាយបន្លាលួសទីតាំងថ្មីមួយទៀត នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយត្រូវបានពលរដ្ឋខ្មែរ ដែលរស់នៅទីនោះរួមគ្នាតវ៉ា និងបណ្តេញទាហានសៀមឱ្យចេញទៅវិញ។ ការបន្តចូលមកឈ្លានពានដីខ្មែរជាថ្មីនេះ គឺបន្ទាប់ពីអភិបាលខេត្តស្រះកែវ ប្រទេសថៃ បានប្រកាសឱ្យពលរដ្ឋរបស់ខ្លួនឱ្យចូលទៅយកដីដែលយោធាថៃឈ្លានពានបានធ្វើជាកម្មសិទ្ធិ។

បន្ទាប់មានភាពតានតឹងថៃបានប្តូរយុទ្ធសាស្ត្រ ក្រុមទាហានបានដកចយចេញពីតំបន់កំពុងមានជម្លោះ ដោយបញ្ជូនតម្រួតបង្ក្រាបបាតុកម្មចូលមកជំនួសវិញម្តង ប្រដាប់ដោយខែល ដំបងឆក់ និងសម្ភារៈប្រឆាំងបាតុកម្មផ្សេងៗទៀត ក្នុងគោលបំណងទុច្ចរិតដូចមុនដដែល ប៉ុន្តែពលរដ្ឋកម្ពុជាម្ចាស់អធិបតី មានទាំងព្រះសង្ឃ ប្រជាពលរដ្ឋ មិនព្រមចេញដាច់ខាតឈរទីនោះដោយភាពក្លាហាន ដើម្បីរារាំងកងកម្លាំងឈ្លានពាន។ 

សូមបញ្ជាក់ថា សកម្មភាពឈ្លានពានរបស់ថៃ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានចាប់ផ្ដើមតាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ កន្លងមក បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងអាស្រ័យផលលើដីនោះតាំងពីយូរណាស់មកហើយជាច្រើនគ្រួសារ៕