2025-09-11 18:54
13

ភ្នំពេញ៖ ក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេសស្តីទី វៀតណាម បានបញ្ជាក់អំពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសជិតខាងទាំងពីរ ដោយបង្ហាញពនូវការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ ទំនងទ្វេភាគីលើគ្រប់វិស័យ និងក្នុងការរក្សាការសម្របសម្រួលជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និងវេទិកាអន្តរជាតិផ្សេងៗទៀត។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្តូរទស្សនៈជាមួយ លោក ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេសស្តីទី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងពេលជួបសម្តែងការគួរសមតាមប្រព័ន្ធវីដេអូនៅថ្ងៃនេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោក ឡេ ហ័យជុង ដែលទទួលបានការតែងតាំងជារដ្ឋមន្ត្រីការបរទេសស្តីទី និងជាលេខា នៃគណៈកម្មាធិការបក្សក្រសួងការបរទេសវៀតណាម។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានរំលឹកដល់ដំណើរទស្សនកិច្ចថ្មីៗ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅវៀតណាម កាលពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិវៀតណាម ក៏ដូចជាកិច្ចប្រជុំប្រកបដោយផ្លែផ្កា ជាមួយអគ្គលេខាធិការបក្ស តូ ឡឹម លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និង លោកប្រធានរដ្ឋសភា ជិន ថាញ់មិន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ដែលកំពុងកើនឡើង និងមានតុល្យភាព ព្រមទាំងបានជំរុញឲ្យពង្រឹង និងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការសេដ្ឋ-កិច្ចបន្ថែមទៀត។ 

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ឡើងវិញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ ដោយបង្ហាញពនូវការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ និងក្នុងការរក្សាការសម្របសម្រួលជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និងវេទិកាអន្តរជាតិផ្សេងៗទៀត។ លោកឧបនាយករដ្ឋមន្ត្រី និងលោក ឡេ ហ័យជុង ក៏បានទន្ទឹងរង់ចាំនូវការចូលរួមបន្ថែមទៀត រួមទាំងការរៀបចំកិច្ចប្រជុំលើកទី២១ របស់គណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម នៅពេល ខាងមុខនេះ ផងដែរ។

រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសន្តិសុខក្នុងតំបន់។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីវៀតណាម អំពីការវិវត្តជាវិជ្ជមានថ្មីៗ ទាក់ទិននឹងការកាត់បន្ថយភាពតានតឹង នៃជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ 

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះការគាំទ្ររបស់វៀតណាម ដល់កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា-ថៃ និងការរួមចំណែករបស់វៀតណាម ក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល ផងដែរ៕